មេធំកូរ៉េខាងជើងត្រួតពិនិត្យមូលដ្ឋានអាវុធបាញ់ឆ្លងទ្វីប
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យមូលដ្ឋានមីស៊ីលយុទ្ធសាស្ត្រ ដោយបានមើលការដឹកជញ្ជូន និងការបាញ់បង្ហោះយានសម្រាប់អាវុធអន្តរទ្វីបដ៏ធំ និងមានឥទ្ធិពលបំផុត របស់កូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ KCNA បានរាយការណ៍ថា លោក គីម បានពាក់អាវស្បែកពណ៌ខ្មៅ តាមទម្លាប់ ហើយឈរនៅពីមុខកាំជ្រួចមីស៊ីលអន្តរទ្វីប Hwasong-18 ដ៏ធំសម្បើម។
លោកត្រូវបានថតជាប់នឹងកាំជ្រួច រយៈចម្ងាយមធ្យម និង រយៈចម្ងាយឆ្ងាយ ផងដែរ។
ទីភ្នាក់ងារ KCNA បាននិយាយថា លោក Kim បានត្រួតពិនិត្យ «មុខងារ និងសមត្ថភាពសំខាន់ៗ នៃគ្រឿងបរិក្ខារទាក់ទងនឹងការបាញ់បង្ហោះ នៅក្នុងមូលដ្ឋានមីស៊ីល»។ លោក Kim បានសាទរចំពោះកម្លាំងមីស៊ីលសម្រាប់ «តួនាទីសំខាន់» របស់ខ្លួន ក្នុងការទប់ស្កាត់សង្គ្រាម ដោយនិយាយថា ជាកិច្ចការអាទិភាពកំពូល។
ដំណើរទស្សនកិច្ចរបស់លោក Kim នៅទីនោះ បានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព «ទ្រង់ទ្រាយធំ» ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



