មេធំ Apple ហោះទៅចិនជាលើកទីពីរ ចំពេលការលក់ iPhone ធ្លាក់ចុះខ្លាំង
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីឧស្សាហកម្មចិន លោក Jin Zhuanglong ប្រាប់នាយកប្រតិបត្តិ Apple លោក Tim Cook ក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះថា លោកសង្ឃឹមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ នឹងបន្តរក្សាវត្តមានកាន់តែរឹងមាំនៅក្នុងប្រទេសចិន។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោក។
លោក Jin បានប្រាប់លោក Cook ទៀតថា គាត់ជឿជាក់ថា Apple នឹងបង្កើនការវិនិយោគលើការច្នៃប្រឌិត ដើម្បីចាប់ដៃរីកចម្រើនជាមួយក្រុមហ៊ុនចិន ហើយចែករំលែកភាគលាភនៃការវិនិយោគប្រកបដោយគុណភាពខ្ពស់។
លោក Jin បន្ថែមថា ចិននឹងបន្តពង្រីកការបើកចំហរកម្រិតខ្ពស់ ហើយខិតខំផ្តល់បរិយាកាសកាន់តែប្រសើរ សម្រាប់វិនិយោគិនពិភពលោក។
មេធំ Apple កំពុងធ្វើទស្សនកិច្ចនៅប្រទេសចិនជាលើកទីពីរនៅឆ្នាំនេះ។ ចិនគឺជាទីផ្សារដ៏សំខាន់របស់ Apple ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ បានជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុក ចំពេលប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងវិស័យស្មាតហ្វូនពីគូប្រជែងក្នុងស្រុករបស់ចិន។
ទោះបីជាយ៉ាងណា ទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាព ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែការលក់របស់វាបានទទួលរងសម្ពាធនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ពីដៃគូប្រកួតប្រជែងក្នុងស្រុក រួមទាំងក្រុមហ៊ុន Huawei។
តួយ៉ាង Apple បានធ្លាក់មកលេខ៦ នៅក្នុងចំណាត់ថ្នាក់អ្នកលក់ស្មាតហ្វូនកំពូលនៅក្នុងទីផ្សារប្រទេសចិន ក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះពីលេខ៣ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមក្រុមហ៊ុនវិភាគ Canalys៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


