រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយសម្បទានក្នុងគោលដៅទាញ​ប្រជាពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ

(ភ្នំពេញ) ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់​ចេញ​អំពីទិដ្ឋភាពរួមទាក់ទិននឹងគោលនយោបាយសម្បទានដើម្បីលើកស្ទួយជីវភាព​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបង្កើនបន្ថែមនូវខឿនសេដ្ឋកិច្ចមូលដ្ឋាននិង​គ្រួសារ ។ នេះជាការថ្លែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួប​សម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក នាថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយ​នេះ គឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញ និងគាំទ្រពីសំណាក់សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងគោលដៅដើម្បីទាញ​ប្រជា​ពលរដ្ឋឱ្យចាកចេញពីភាពក្រីក្រ។ គោលនយោបាយសម្បទាននេះ មានន័យថា​សម្បទានទាំងហិរញ្ញវត្ថុ ទាំងនយោបាយនិងភាពអនុគ្រោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាការងារសម្បទានដែលត្រូវបានអនុវត្ត​ក្រោមកិច្ច​សហការជាមួយធនាគារពិភពលោកនេះ ត្រូវសម្រួចបន្ថែម​ទៀតនិង​កំណត់​ទិសដៅអោយបានជាក់លាក់ធ្វើយ៉ាងណាជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងយ៉ាងពិតប្រាកដ ស្របតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ជាការឆ្លើយតប តំណាងក្រុមការងារធនាគារពិភពលោក បានថ្លែងអំណរគុណដល់ ឯកឧត្តម សាយ សំអាល់ ដែលបានបង្ហាញអំពីគោលនយោបាយសម្បទាន​ជាក់លាក់​ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យចំទិសដៅនិងឆ្លើយតបតាមតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ។ តាមរយៈគម្រោងLASED ដែលបានអនុវត្តកន្លងមក​ក្រោម​កិច្ចសហការរវាងធនាគារពិភពលោក និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយបានជួយដល់ប្រជាជន​លើវិស័យ​ជាច្រើនក្នុងនោះមាន ដីធ្លី កសិកម្ម ផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព និងសាលារៀន ជាដើម៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner