ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន»
(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន» ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។
ការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាថ្ងៃនេះ មានគោលបំណងសំខាន់សម្រាប់ គឺ៖
ទី១៖ សម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ដែលបានចូលរួមជាមួយសម្តេចតេជោ ក្នុងការយកជីវិតធ្វើជាដើមទុនរំដោះប្រទេស និងប្រជាជនពីរបស់ប្រល័យពូជសាសន៍និងបន្តកសាង និងអភិវឌ្ឍប្រទេស ព្រមទាំងការពារយ៉ាងមោះមុត អង់អាចក្លាហាន ក្នុងការនាំមកនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ព្រមទាំងបានដឹកនាំ គ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ ដោយប្រយុទ្ធទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជន ពីគ្រប់មុខសញ្ញាគ្រោះថ្នាក់ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនទទួលខុសត្រូវនោះឡើយ ។
ទី២៖ លើកកម្ពស់យល់ដឹងរបស់បងប្អូនរួមជាតិ ពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបំផុសស្មារតីពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបញ្ចៀសការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បតិ្ត ការប៉ះពាល់បរិស្ថាន និងការអាក់ខានចំពោះដំណើរការសហគមន៍ សង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីមុខសញ្ញាគ្រោះមហន្តរាយ។
ទី៣៖ ចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុង «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយបរិយាបន្ន និងនិរន្តរភាព»។
ទី៤៖ ចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ «តួនាទីនៃការអប់រំក្នុង ការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» ដែលសំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។
ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា៖ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃគោលបំណងខាងលើនេះហើយ ការប្រារព្ធទិវាជាតិគ្រោះមហន្តរាយក្នុងទឹកដីនៃខេត្តកំពង់ចាម គឺជាសក្ខីភាពនៃមនសិការ, ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ។
សម្រាប់កាកបាទក្រហមកម្ពុជា តម្លៃនៃការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ គឺការចូលរួមអនុវត្តសេចក្តីអំពាវនាវខាងលើនេះ និងចូលរួមក្នុងការអនុវត្តការក្រើនរំលឹករបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការពង្រឹងសមត្ថភាព ស្ថាប័ន និងបង្កើនការយកចិត្តទុកដាក់លើការអប់រំផ្សព្វផ្សាយ ការផ្តល់ព័ត៌មានជាមុន និងការចូលរួម ក្នុងការប្រើកម្លាំងសារុប មធ្យោបាយសារុប ធនធានសារុប ក្នុងការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ៕
ដោយ / គ្រី សម្បត្តិ