មេធំយូអិននឹងហោះទៅជួបលោក ពូទីន ជជែកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងមជ្ឈិមបូព៌ា
មូស្គូ៖ វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងគោលបំណងពិភាក្សាអំពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេធំយូអិនក្នុងពេលជាងពីរឆ្នាំ។
ជំនួបរវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan របស់រុស្ស៊ី។ វិមានក្រឹមឡាំងនិយាយថា ខ្លួនរំពឹងថា លោក ពូទីន និងលោក ហ្គូទែរ៉េស នឹងពិភាក្សាទៅលើបញ្ហាអន្តរជាតិធំៗ ក្នុងនោះមានដូចជាសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្ថានភាពជម្លោះនៅអ៊ុយក្រែន។ ភ្លាមៗ អ៊ុយក្រែនបានចេញមុខរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់លោក ហ្គូទែរ៉េស ជួបជាមួយលោក ពូទីន។
ក្រសួងការបរទេសអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លោក ហ្គូទែរ៉េស បានបដិសេធការអញ្ជើញរបស់អ៊ុយក្រែន ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកលើកដំបូងនៅក្នុងប្រទេសស្វីស។ ប៉ុន្តែគាត់បានទទួលយកការអញ្ជើញពីឧក្រិដ្ឋជនសង្គ្រាម គឺលោក ពូទីន។ បើតាមក្រសួងការបរទេសអ៊ុយក្រែន ការជួបជាមួយលោក ពូទីន សម្រាប់ពេលនេះ នឹងមិនជួយជំរុញដល់បុព្វហេតុសន្តិភាពទេ ប៉ុន្តែវាមានតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា លោក ហ្គូទែរ៉េស កន្លងមក បានរិះគន់ម្តងហើយម្តងទៀតចំពោះការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន និងថា ទង្វើនេះបង្ហាញពី “គំរូដ៏គ្រោះថ្នាក់” សម្រាប់ពិភពលោក ហើយលោកថែមទាំងអំពាវនាវឱ្យមានសន្តិភាព, គោរពច្បាប់អន្តរជាតិ និង បូរណភាពទឹកដីរបស់អ៊ុយក្រែន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា