ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផ្លែត៖ ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិឱ្យគង់វង្សបាន

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួមយុទ្ធនាការបណ្តុះគំនិត «ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែនដើម នាពេលកន្លងមក ។

ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាការបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ«បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា « នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើង ពី ២ ទៅ៣ លានដើម»ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ»។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដល់វិធានការ៤ចំណុច ដែលស្នើឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ចូលរួម អនុវត្តច្បាប់ទាំងឡាយពាក់ព័ន្ធវិស័យបរិស្ថាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ បានដាក់ចេញ កាលពីពេលកន្លងមកនេះ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តគាំទ្រ ផ្តល់សេវាដល់សហគមន៍ ដែលត្រូវការ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់ធនធានធម្មជាតិ និងផ្តល់ភាពជាម្ចាស់ដល់សហគមន៍ ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ មកពីទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដើម្បីជួយដល់សហគមន៍តំបន់ការពារធម្មជាតិដូចខាងក្រោម៖
១-ជំរុញឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបន្តតាមដាន និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ នៅក្នុងតំបន់ការពារធម្មជាតិ ទាំងនោះត្រូវគោរពច្បាប់ជាធរមាន
២-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងឡាយណា ដែលមិនទទួលបានការឯកភាពពី ប្រជាសហគមន៍ក្នុងតំបន់នោះ ត្រូវបិទបញ្ចប់ជាបន្ទាន់
៣-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលបានអនុញ្ញាតិឱ្យដំណើរការ ត្រូវតែជួយបណ្តុះបណ្តាល ជំនាញ និងពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ ដើម្បីផ្តល់ឱកាសនៅពេលអនាគត សហគមន៍អាចធ្វើភាពជាម្ចាស់បាន
៤-ជំរុញបន្ថែមដល់ការបង្កើតនូវសក្តានុពលសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ ជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងជាសហគមន៍អធ្យាក្រឹតកាបូននៅឆ្នាំ២០៥០។និង៥-បន្តអនុវត្តច្បាប់១០០% ប្រឆាំងបទល្មើសធនធានធម្មជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner