ឯកឧត្តមបណ្ឌិត កៅ ថាច បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារនឹងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ ខែតុលានេះ បានអនុញ្ញាតិឲ្យក្រុមហ៊ុនចំនួន ២ ដែល ដឹកនាំដោយ លោក ណុប នុន ប្រធានសមាគមន៍កសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត កៅ ថាច នោះ គឺទី១ ក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និងទី២ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើពីប្រទេសថៃ និងបច្ចេកទេសបង្កាត់ពូជ ដើម្បីជួយឲ្យកសិករ ពេលដាំរួចហើយអាចលក់ទៅឲ្យក្រុមហ៊ុនវិញ ដែលអាចបង្កើតចំណូលដល់កសិករបានល្អប្រសើរជាងការលក់បន្លែស្រស់ៗលើទីផ្សារ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃនិងក្រុមហ៊ុន Takli មកពីប្រទេសជប៉ុន កំពុងតែពិចារណាលើការវិនិយោគដាំដុះបន្លែនៅខេត្តត្បូងឃ្មុំ ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាជាង១០០ប្រទេស សម្រាប់ការដាំ ដុះ ការផលិតគ្រាប់ពូជ និង របៀបកាដាំដុះដោយប្រើស្រកីដូង និងការវិនិយោគទៅលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ៕
ដោយ ៖ ង៉ាន់ ទិត្យ