ពលរដ្ឋជនជាតិដើមភាគតិចនៅកែវសីមា រួមគ្នា បណ្តុះកូនឈើ និង ដាំកូនឈើ ក្នុងតំបន់រិចរិលឱ្យប្រែក្លាយស្រស់បំព្រងនិងទាក់ទាញវិស័យទេសចរណ៍
(មណ្ឌលគិរី)៖ដោយសារតែតំបន់រស់នៅរបស់បងប្អូនជនជាតិពូនង(ព្នង)ក្នុងដែនជម្រកសត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី មួយចំនួនមានការរិចរិល ព្រៃឈើ និង ទីកន្លែងខ្លះទៀតគ្មានដើមឈើតែម្តងទើបប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើ ដើម្បី ដាំស្តារព្រៃឈើឡើងវិញ ក្នុងគោលបំណង ក្រៅពីបង្កើនភាពបៃតងឱ្យស្រស់បំព្រងជាទីផ្តល់ម្លប់សម្រាប់ការរស់នៅហើយ នៅក្លាយជាទីកន្លែងសម្រាប់ទាក់ទាញវិស័យទេសចរណ៍ថែមទៀត។
លោក ព្រេង សុខសារី ជាប្រធានសហគមន៍ពូត្រុំ ស្ថិតនៅ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖នាពេលនេះសហគមន៍របស់លោកបានរួមគ្នាបណ្តុះកូនឈើជាច្រើនដើម្បីធ្វើការដាំតាមសាលារៀន មន្ទីរពេទ្យ តាមដងផ្លូវ និងពិសេសតំបន់ព្រៃដើម្បីបង្កើនគម្របព្រៃឈើដែលរិចរិលឱ្យក្លាយជាទីកន្លែងស្រស់បំព្រងនាថ្ងៃខាងមុខ។ ការបណ្តុះកូនឈើនេះក្រៅអំពីការចែកគ្នាដាំក្នុងសហគមន៍ហើយ មួយចំនួន ក៏ សម្រាប់ ផ្តល់ឱ្យគម្រោងរេដបូក ក្នុង ដែនជម្រកសត្វព្រៃកែវសីមា សម្រាប់នាំយកទៅដាំ ទីកន្លែងផ្សេងៗទៀតផងដែរ។
ប្រធានសហគមន៍ ពូត្រុំ រូបនេះលើកឡើងថា”យើងបានបណ្តុះផ្នត់គំនិតឱ្យយុវជនជំនាន់ក្រោយមានអារម្មណ៍ឆេះឈួលរួមគ្នាដាំកូនឈើ។កូនឈើទាំងនេះពួកយើងបានបណ្តុះហើយគម្រោងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានផ្តល់ថវិកាមកវិញ ធ្វើឱ្យយើងទទួលបានថវិការតាមរយៈគម្រោងនេះមិនចាំបាច់ចូលព្រៃកាប់ឈើ បរបាញ់សត្វដូចកាលពីមុនទៀតទេ”។
លោក នេត្រ វិបុល នាយករង នៃ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា កម្មវិធីដាំស្តារព្រៃឈើឡើងវិញក្នុងគម្រោងរេដបូកកែវសីមា ជាគំនិតផ្តួចផ្តើមក្រោមកិច្ចសហការរវាងអង្គការ WCS កម្ពុជា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងខេត្តក្រចេះ និង USAID មរតកបៃតង។តាមរយៈគម្រោងនេះបានផ្តល់ថវិការសម្រាប់ប្រជាសហគមន៍ធ្វើថ្នាលបណ្តុះកូនឈើ នៅពេលបាន កូនឈើ មកពួកគាត់នឹងយកទៅ ដាំតាមសហគមន៍របស់ពួកគាត់ ។
លោកថាតាមរយៈការដាំកូនឈើតាមសហគមន៍ទាំងនេះនឹងជួយឱ្យយុវជនជំនាន់ក្រោយស្រឡាញ់ដើមឈើកាន់តែច្រើន ហើយពួកគេនឹងចូលរួមអភិរក្សព្រៃឈើក៏ដូចជាធនធានធម្មជាតិដែលជាផ្នែកមួយសំខាន់សម្រាប់បម្រើវិស័យទេសចរណ៍ថ្ងៃខាងមុខ។
ឯកឧត្តមខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថា ការបណ្តុះផ្នត់គំនិតឱ្យប្រជាសហគមន៍ដែលនៅក្នុងតំបន់ការពារធនធានធម្មជាតិ ឱ្យចេះបណ្តុះកូនឈើ ដើម្បីនាំយកទៅដាំដោយផ្ទាល់ដៃ ដែលចេញពីបេះដូងរបស់គាត់ នោះនឹងធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង ហើយពួកគាត់នឹងមិនអាចទៅកាប់ដើមឈើដែលដាំដោយផ្ទាល់ដៃនោះទេ។ការផ្តល់ឱកាសដល់ប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើនេះ គឺបានបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ តាមរយៈអត្ថប្រយោជន៍ជាច្រើនៃសម្បូរបែបនេះនៃព្រៃឈើ ជាពិសេសពួកគាត់អាចទាញប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ ។
មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់បន្ថែមថា កន្លងមកតាមរយៈការអប់រំផ្សព្វផ្សាយ និងបណ្តុះគំនិតឱ្យស្រឡាញ់ព្រៃឈើ ជាពិសេសការរៀបចំផ្នត់គំនិតឱ្យចេះបណ្តុះកូនឈើដើម្បីទៅដាំនឹងធ្វើឱ្យពួកគាត់ទទួលបានចំណូលបន្ថែមពីកូនឈើ ព្រមទាំងតាមរយៈទេសចរណ៍ធម្មជាតិ, ការជាមគ្គុទេសក៏ចរណ៍ ដាំបន្ថែមធម្មជាតិ ចិញ្ចឹមសត្វ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់របស់ពួកគាត់ជាដើម។
គួរបញ្ជាក់ថាគិតត្រឹមខែឧសភា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៤ តាមរយៈគម្រោង រេដបូក កូនឈើចម្រុះ១៦ប្រភេទប្រមាណជាង ១០ម៉ឺនដើម ត្រូវបានរៀបចំសម្រាប់ដាំលើផ្ទៃដីព្រៃដែលរេចរឹលក្នុងដែនជម្រកសត្វព្រៃកែវសីមា និងចែកចាយទៅតាមស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋដើម្បីដាំនៅទីសាធារណៈនានា។ កូនឈើប្រមាណ ៦៧,០០០ដើម ត្រូវបានដាំរួចរាល់លើផ្ទៃដីសរុបប្រមាណជាង១៣០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប្រជាសហគមន៍ប្រមាណ៨០០នាក់ បានចូលរួមក្នុងការដាំកូនឈើទាំងនេះ។
សម្រាប់គម្រោងបាននឹងកំពុងតែធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង (ពូង) ប្រមាណ២០គ្រួសារ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើកម្រិតសហគមន៍ ក្នុងការផលិតកូនឈើបន្ថែមសរុបប្រមាណ១០.០០០ដើម ដើម្បីចូលរួមក្នុងកម្មវិធីដាំស្តារព្រៃឈើក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមាក្រោមការគាំទ្របច្ចេកទេស របស់គម្រោងរេដបូកកែវសីមា។ ថ្នាលបណ្តុះកូនឈើចំនួនបីកន្លែងធំៗ ក្នុងដែនជម្រកសត្វព្រៃកែវសីមាកំពុងត្រូវបានរៀបចំ ដើម្បីបណ្ដុះកូនឈើបន្ថែមប្រមាណ ៥០,០០០ដើម សម្រាប់ឆ្នាំ២០២៤-២០២៥៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ រិន រចនា, សែមបូរិន, ពុធសុខជា