កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាជាកម្មវិធីបង្ហាញសក្តានុពលរបស់យុវជនទៅកាន់ក្រុមហ៊ុនឯកជន និងអន្តរជាតិ

(ភ្នំពេញ)÷ គ្រូជំនាញបច្ចេកទេស នៃគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលត្រូវ​បាន​រៀបចំឡើងរៀងរាល់២ឆ្នាំម្តងនៅកម្ពុជា គឺជាកម្មវិធីបង្ហាញសក្តានុពល សមត្ថភាព ទេពកោសល្យ នៃជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់យុវជនទៅកាន់បណ្តា​ក្រុម​ហ៊ុនឯកជននៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

លោក យ៉យ សុជាតិ ជាគ្រូបង្រៀនជំនាញអគ្គិសនី នៃវិទ្យាស្ថានពហុបច្ចេកទេស​កម្ពុជា (NPIC) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលកំពុង​ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃនៅរាជធានីភ្នំពេញនៅសប្តាហ៍នេះ បានកៀរគរយុវជន សិស្សានុសិស្សសិក្សាផ្នែកជំនាញបច្ចេកទេសនៅទូទាំងប្រទេសជិត១០០នាក់មកជុំគ្នា ដើម្បីធ្វើការប្រឡងប្រជែងយកជ័យលាភី បង្ហាញសមត្ថភាព និងទេពកោសល្យ លើជំនាញរបស់ពួកគេ ហើយកម្មវិធីនេះបានទាក់ទាញអ្នកទស្សនារាប់ពាន់អ្នក​ដែល​សុទ្ធសឹងតែចាប់អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស។

លោកគ្រូបានសង្កត់ធ្ងន់ថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាដែលធ្វើឡើង​រៀងរាល់២ឆ្នាំម្តងនេះ គឺមានសារសំខាន់ណាស់ ពីព្រោះសិស្ស ក៏ដូចជាយុវជន ដែល​សិក្សាជំនាញ គឺមានទីផ្សារការងារខ្ពស់ តាមរយៈការបង្ហាញសមត្ថភាព​នៅ​ថ្នាក់ជាតិ និងអន្តរជាតិបែបនេះ។

លោក ​ប៊ិន ចាន់ថា ជាគ្រូបង្រៀននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ​បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិមួយនេះបាន​ដើរតួរនាទី​យ៉ាងសំខាន់ក្នុងការប្រមូល កៀរគរ ប្អូនៗសិស្សានុសិស្ស យុវជន ដែល​សិក្សាជំនាញ ក្នុងការបង្ហាញសមត្ថភាព ពង្រឹងសមត្ថភាពជំនាញរបស់ពួកគេ ជាពិ​សេសការប្រកួតប្រជែងនេះក៏ជាមេរៀន និងបទពិសោធន៍មួយសម្រាប់យុវជន បើ​ទោះ​បីទទួលបានលទ្ធផលបែបណាក៏ដោយ។

លោកគ្រូបានបន្ថែមថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិដែលត្រូវបានធ្វើឡើង​រៀងរាល់២ឆ្នាំម្តងនេះបានក្លាយទៅជាកាតាលីករមួយយ៉ាងសំខាន់ជំរុញទឹកចិត្តយុវជនដែលសិក្សាជំនាញឱ្យពុះកញ្ជ្រោលក្នុងបង្ហាញសមត្ថភាព និងមានឆន្ទះខ្ពស់ក្នុង​ការ​ប្រឡងប្រជែងដើម្បីបានជ័យលាភី ដែលទាំងនេះជាភាពមោទកភាពរបស់ពួកគេ​លើ​វិថីនៃការសិក្សាជំនាញ។ លើសពីនេះផងដែរ កម្មវិធីនេះក៏ជាកម្មវិធីមួយក្នុងការលើក​កម្ពស់ការសិក្សាជំនាញបច្ចេកទេសនៅប្រទេសកម្ពុជា ជំរុញឱ្យយុវជន ពលរដ្ឋ ចាប់​អារម្មណ៍លើការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) ក្នុងនោះមានបេក្ខជនសរុបចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើ៖ ជំនាញតបណ្តាញ​អគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនា​គេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីន​ស្វ័យប្រវត្តិ​កម្ម, ជំនាញ Information Network Cabling (Demo)។ សម្រាប់បេក្ខជន ដែលជាប់​ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន៣លានរៀល, មេដាយប្រាក់ ទទួល​បានប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល។

ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍​សម្រាប់​សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីព​រៀងៗ​ខ្លួន។ លើសពីនេះ ការប្រកួតប្រជែងជំនាញផ្តល់ឱកាសដល់យុវជន គ្រូបណ្តុះ​បណ្តា​ល ស្ថាប័នបណ្តុះបណ្តាល ឧស្សាហកម្ម និងរដ្ឋាភិបាលបានជួបប្រាស្រ័យទាក់ទង និងរៀនសូត្រពីគ្នាទៅវិញទៅមក ស្វែងយល់នូវបច្ចេកវិទ្យា និងវិធីសាស្ត្រថ្មីៗប្រកប​ទៅ​ដោយ​ភាពច្នៃ​ប្រឌិតសម្រាប់ការរៀន ការបង្រៀន និងការបណ្តុះបណ្តាលកម្លាំង​ពលកម្មនាពេលអនាគត ដើម្បីទទួលបានជំនាញតាមតម្រូវការក៏ដូចជាធ្វើឱ្យ​ប្រសើរ​ឡើងនូវភាពទាក់ទាញនៃជំនាញ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner