គ្រូបង្វឹកកីឡាលើកទម្ងន់៩ រាជធានីខេត្តទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២
(ភ្នំពេញ)៖គ្រូបង្វឹកនិងមន្រ្តីបច្ចេកទេសក្រោមចំណុះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាចំនួន២៥នាក់ មកពីរាជធានីខេត្តចំនួន៩ មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៏សាត់ កំពង់ចាម តាកែវ និងបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ រយៈពេល៨ថ្ងៃនៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាត់ដោយគ្រូឧទ្ទេស លោក AVEENNASH PANDOO មកពីប្រទេសសោតអាហ្វ្រីកកា។
លោក ផេង ប៉ាក អគ្គលេខាធិកាស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វគ្គសាមគ្គកីឡាអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ ជាគម្រោងឧបត្ថម្ភរបស់អង្គកាសាមគ្គីអូឡាំពិកអន្តរជាតិ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការអូឡាំពិកកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹកផ្នែកកីឡាលើកទម្ងន់ឈានទៅពង្រីកធនធានកីឡាករកីឡាការិនីបន្តវេនឱ្យមានកាន់តែច្រើននៅកម្ពុជា។
អគ្គលេខាធិការស្តីទីខាងលើ បានគូសបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលរយៈពេល ៨ថ្ងៃនេះ គឺផ្តោតសំខាន់លើជំនាញបច្ចេកទេស និងការថែទាំសុខភាព ដើម្បីឱ្យលោកគ្រូអ្នកទាំងអស់ទទួលបាននូវចំណេះដឹងយកទៅបង្ហាត់នៅតាមក្លឹបប្រកបដោយគុណភាពដែលអាចជួយឱ្យការបង្ហាត់ត្រូវតាមបទដ្ឋានបច្ចេកទេសស្របតាមគរុកោសល្យកីឡា។
អគ្គលេខាធិការស្តីទីខាងលើ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបានសម្របសម្រួលនាំយកគ្រូឧទ្ទេសមានបទពិសោធន៍ផ្នែកកីឡាលើកទម្ងន់កម្រិតពិភពលោកមកចែករំលែកចំណេះជំនាញដល់គ្រូបង្វឹកកម្ពុជា ដើម្បីនាំយកចំណេះជំនាញដែលទទួលបានពីគ្រូបង្វឹកអន្តរជាតិកីឡាលើកទម្ងន់ទៅអនុវត្តនៅមូលដ្ឋានផលិតបានធនធានល្អសម្រាប់កម្ពុជានាពេលខាងមុខ។
សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២នេះ ដំណើរការរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ដល់២៧ ខែ តុលា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ២៥នាក់ ជាមន្រ្តីបច្ចេកទេស និងគ្រូបង្វឹក៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ