រកឃើញខ្មោចទន្លេ ឬ ត្រី ប៉ាសាណាកឡើងវិញ នៅទន្លេមេគង្គ

(ភ្នំពេញ)៖ក្រុមអ្នកស្រាវជ្រាវបានរកឃើញត្រីដ៏កម្រគឺត្រីប៉ាសាណាក ឬ«ខ្មោច ទន្លេមេគង្គ» ដែលបានបាត់មុខជាយូរឆ្នាំមកហើយនោះបានលេចមុខជាថ្មី នៅទន្លេមេគង្គ។

ការរកឃើញត្រីមួយប្រភេទនេះធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដឹកនាំ ដោយ រដ្ឋបាលជលផល គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការការពារទន្លេ មេគង្គ និង ជីវចម្រុះគួរឱ្យកត់សម្គាល់ទាំងនេះ។

បើតាម Wonder Of The Mekongឱ្យដឹងថា៖ប្រភេទត្រីប៉ាសាណាក ដ៏កម្រ (Aaptosyax grypus) ត្រូវបានគេប្រទះឃើញម្តងទៀត នៅក្នុងប្រទេសកម្ពុជា ដែលជាក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃត្រីប្រភេទនេះ និងជម្រុញឱ្យមាន ការខិតខំប្រឹងប្រែងអភិរក្សជាបន្ទាន់ ដើម្បីការពារទន្លេមេគង្គនៅក្នុងតំបន់អាស៊ី អាគ្នេយ៍នេះ។ ខុសពីត្រីផ្សេងៗ ត្រីប៉ាសាណាក មានមាត់ដូចដង្កាប់មាត់សេះ និងដងខ្លួនដួចត្រីសាលម៉ុន ដែលមិនត្រូវបានគេកត់ត្រាពីវា តាំងពីឆ្នាំ២០០៥ មកម៉្លេះ។

នៅចន្លោះឆ្នាំ ២០២០ និង ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបញ្ជាក់ ពីការនេសាទបាន ត្រីប៉ាសាណាក បានចំនួន ៣ក្បាល ដែលជាការរបកគំហើញ មួយដ៏សំខាន់ ចំពោះការព្រួយបារម្ភអំពីការផុតពូជនៃត្រីប្រភេទនេះ។

មានប្រវែងរហូតដល់ ១.៣ ម៉ែត្រ និងទម្ងន់ ៣០ គីឡូក្រាម ប្រភេទត្រីដែលជិតផុត ពូជនេះ គឺជាផ្នែកមួយនៃប្រភេទ «ត្រីយក្ស» ដែលជាត្រីទឹកសាបដែលអាចមានទម្ងន់ រហូតដល់ ៣០គីឡូក្រាម។ ត្រីប្រភេទនេះ មានដើមកំណើតនៅក្នុងទន្លេមេគង្គ ដែលនៅតែជាអាថ៌កំបាំង ដោយវាត្រូវបានកំណត់អត្តសញ្ញាណ និងកត់ត្រា ជាផ្លូវការតែ ៣០ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៩១។ ដូចប្រភេទត្រីយក្សដទៃទៀត ក្នុងទន្លេមេគង្គដែរ ត្រីប៉ាសាណាក កំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន។

ការរកឃើញត្រីប៉ាសាណាក ទាំង៣ក្បាលនេះ បានបង្ហាញថា ត្រីប្រភេទនេះ នៅតែបន្តមានវត្តមាននៅក្នុងទឹកទន្លេមេគង្គ ប៉ុន្តែអនាគតរបស់ពួកវានៅតែ មិនច្បាស់លាស់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ការនេសាទបានត្រីប្រភេទនេះ នាពេលកន្លងទៅថ្មីៗ នៅខាងក្រៅតំបន់រស់នៅស្នូលនៃប្រភេទត្រីនេះ គឺនៅក្នុងទន្លេ សេសាន តែតភ្ជាប់ទៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង។ ការរកឃើញដែលមិននឹកស្មានដល់នេះ បានបង្ហាញថា ជួរភូមិសាស្រ្តរបស់ត្រីប៉ាសា ណាក អាចមានលក្ខណៈទូលំទូលាយជាងការគិតពីមុន ដោយផ្តល់នូវក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតរបស់ពួកវា។

ជាមួយគ្នានេះអ្នកវិទ្យាសាស្ត្រក៏កំពុងអំពាវនាវឱ្យបន្តការស្រាវជ្រាវ ដោយមានការ​ចូលរួមពីសហគមន៍ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលផ្តល់មូល​និធិដោយ USAID ដោយមានការចូលរួមជោគជ័យពីប្រជានេសាទក្នុងតំបន់ ក្នុងកិច្ចខិតខំប្រឹង​ប្រែងអភិរក្សចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៧ មកម្ល៉េះ ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner