ព្យុះត្រូពិច Trami វាយលុកហ្វីលីពីន មនុស្សជាង ៣ម៉ឺននាក់បង្ខំចិត្តរត់ចោលផ្ទះសម្បែង

ម៉ានីល ៖ គិតត្រឹមថ្ងៃពុធនេះ យ៉ាងហោចណាស់មនុស្ស ៣២,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រោយព្យុះត្រូពិកនេះបានបោកបក់មកដល់កោះ Luzon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP។

ទីភ្នាក់ងារឧតុនិយមហ្វីលីពីននិយាយថា ព្យុះត្រូពិក Trami ស្ថិតនៅចម្ងាយ ៣១០គីឡូម៉ែត្រភាគខាងកើតនៃខេត្ត Aurora ជាមួយនឹងកម្លាំងខ្យល់អតិបរមា ៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ូលីសបានព្រមានពលរដ្ឋដែលមិនទាន់ចាកចេញឲ្យប្រញាប់ជម្លៀសខ្លួន និងស្វែងរកទីសុវត្ថិភាពជាបន្ទាន់។

អាជ្ញាធរហ្វីលីពីននិយាយថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងពីព្យុះនេះ បានប្រែក្លាយផ្លូវទៅជាទន្លេ និងជន់លិចភូមិ ហើយថែមទាំងបណ្តាលឱ្យតំបន់សំខាន់ៗជាច្រើនរបស់ហ្វីលីពីន ត្រូវទឹកជន់លិចយ៉ាងខ្លាំងក្លា។

កាសែតបារាំង AFP បានរាយការណ៍ថា ក្រុមអ្នកជួយសង្រ្គោះបាននឹងកំពុងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីជួយពលរដ្ឋរាប់ម៉ឺននាក់ពីគ្រោះទឹកជំនន់។ ប៉ូលីសហ្វីលីពីននិយាយថា នៅក្នុងតំបន់ Bicol មានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ទឹកជំនន់មានការកើនឡើងជាខ្លាំង បង្កជាបញ្ហាដល់ក្រុមអ្នកជួយសង្រ្គោះ។

គួរបញ្ជាក់ថា ខ្យល់ព្យុះ និងព្យុះទីហ្វុងធំៗចំនួន២០ បានវាយប្រហារលើប្រទេសហ្វីលីពីន និងតំបន់ដែនទឹកជុំវិញប្រទេសរបស់ខ្លួនជារៀងរាល់ឆ្នាំ ដោយពួកវាបានបផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបានសម្លាប់មនុស្សរាប់សិបនាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner