បាក់តេរីវាយលុកហែមប៊ឺហ្គឺ McDonald’s គ្រោះថ្នាក់មនុស្សជាច្រើនក្នុងរដ្ឋចំនួន១០

វ៉ាស៊ីនតោន ៖ មន្ត្រីសុខាភិបាលសហព័ន្ធ នៅថ្ងៃអង្គារនិយាយថា ករណីពុលអាហារបង្កឡើងពីបាក់តេរី Escherichia coli ឬ ហៅកាត់ e. coli បង្កប់ខ្លួននៅក្នុងនំហែមប៊ឺហ្គឺរបស់ហាង McDonald’s បណ្តាលឱ្យមនុស្សចំនួន ៤៩នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១០ រួមទាំងមនុស្សម្នាក់ស្លាប់ និង ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។

ករណីពុលអាហារបង្កឡើងពីបាក់តេរី e. coli ត្រូវបានគេរាយការណ៍នៅចន្លោះថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា នៅក្នុងរដ្ឋចំនួន១០ ក្នុងនោះរដ្ឋ Colorado មានករណីឆ្លងច្រើនជាងគេ ពោលគឺរហូតដល់ ២៦ករណី បន្ទាប់មកគឺរដ្ឋ Nebraska មាន ៩ករណី។

បច្ចុប្បន្ន នាយកដ្ឋានកសិកម្មអាមេរិក, រដ្ឋបាលចំណីអាហារ និងឱសថ រួមទាំងមន្ត្រីសុខាភិបាលរដ្ឋបាននឹងកំពុងស៊ើបអង្កេតរឿងនេះ។
អ្នកស៊ើបអង្កេតនឹងផ្តោតលើខ្ទឹមបារាំង និងសាច់គោ ដែលជាធាតុផ្សំសំខាន់របស់នំហែមប៊ឺហ្គឺ។

ការស៊ើបអង្កេតបឋមរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ហៅកាត់ (FDA) បង្ហាញថា ខ្ទឹមបារាំង slivered ដែលប្រើនៅក្នុងនំហែមប៊ឺហ្គឺ ទំនងជាប្រភពនៃការចម្លងរោគ។ យ៉ាងណាមិញ USDA កំពុងស៊ើបអង្កេតលើនំហែមប៊ឺហ្គឺ។

ជាការឆ្លើយតប តំណាងហាង McDonald’s និយាយថា ការរកឃើញដំបូងបង្ហាញថា ជំងឺមួយចំនួនមានទំនាក់ទំនងជាមួយខ្ទឹមបារាំង ដែលមានប្រភពមកពីអ្នកផ្គត់ផ្គង់តែមួយ។ ដូច្នេះក្រុមហ៊ុនបានបញ្ឈប់ការចែកចាយខ្ទឹមបារាំងទាំងនោះ និងដកវាចេញជាបណ្តោះអាសន្ន ពីហាងនៅក្នុងរដ្ឋដែលរងផលប៉ះពាល់។

ដំណឹងនេះកើតឡើងចំពេលដែលការលក់ជាសកលរបស់ហាង McDonald’s ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ កាលពីត្រីមាសទីពីរ ដោយសារតែសម្ពាធអតិផរណា។ ទន្ទឹមគ្នា ភាគហ៊ុនរបស់ McDonald’s ក៏បានធ្លាក់ចុះ ៩%ភ្លាមៗផងដែរ។

ប្រភេទនៃបាក់តេរីបង្កជំងឺនេះ មានឈ្មោះ E. coli O157:H7 បណ្តាលឱ្យមានករណីឆ្លងប្រហែល ៧៤,០០០ករណីនៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ក្នុងនោះស្លាប់ ៦១នាក់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាង ២,០០០នាក់។ ករណីឆ្លងរោគនេះ គឺមានគ្រោះថ្នាក់ខ្លាំង ជាពិសេសចំពោះកុមារអាយុក្រោម ៥ឆ្នាំ ហើយអាចបណ្តាលឱ្យខ្សោយតម្រងនោមធ្ងន់ធ្ងរ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner