ផ្នូរបុរាណចិនមានអាយុកាល ៥,០០០ឆ្នាំ រកឃើញរូបសំណាកនាគត្បូងថ្មធំបំផុតមិនធ្លាប់មាន
ប៉េកាំង ៖ អ្នកបុរាណវត្ថុវិទូរកឃើញរូបសំណាកនាគត្បូងថ្មដ៏ធំបំផុតមិនធ្លាប់មាន ដែលបង្កើតឡើងដោយអ្នកស្រុកជំនាន់វប្បធម៌ Hongshan របស់ចិន នៃយុគថ្មរំលីង នៅក្នុងផ្នូរបុរាណមានអាយុកាលចន្លោះពី ៥,០០០ ទៅ ៥,១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun។
វត្ថុបុរាណនេះ មានទំហំប៉ុនបាតដៃ ប្រវែងជាង ១៥សង់ទីម៉ែត្រ ទទឹងប្រហែល ១០សង់ទីម៉ែត្រ និងកម្រាស់ប្រហែល ២សង់ទីម៉ែត្រ។ វាត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណមួយ មានទីតាំងនៅទីក្រុង Chifeng ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន។
វាគឺជារូបសំណាកនាគត្បូងថ្មមានវ័យដ៏ចំណាស់មួយ ក្នុងចំណោមត្បូងថ្មបុរាណចំនួន១០០ប្រភេទ និងធំជាងគេបំផុតមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្រ្តប្រទេសចិន។
ចំនុចពិសេសរបស់នាគត្បូងថ្មបុរាណនេះ មានលក្ខណៈខុសគ្នាខ្លាំងពីនាគត្បូងថ្មសម័យទំនើប ហើយត្រូវបានពណ៌នាថា ជាត្បូងនាគ «ក្បាលជ្រូក» ដោយសារព័ត៌មានចិន China Daily។
ការជីកកកាយនៅផ្នូរបុរាណដ៏ពិសេសមួយនៅទីតាំងបុរាណវត្ថុ Yuanbaoshan ក៏បានរកឃើញប្រាសាទបុរាណ, អដ្ឋិធាតុមនុស្សសម័យមុន និងគ្រឿងស្មូន ដែលមានទំនាក់ទំនងនឹងវប្បធម៌ Hongshan នេះបើតាមការបញ្ជាក់របស់មន្ត្រីចិន។
សារព័ត៌មាន Daily Mail បានចេញផ្សាយថា Hongshan គឺជាវប្បធម៌យុគថ្មរំលីងនៅភាគឦសាននៃប្រទេសចិន។ វប្បធម៌នេះ ត្រូវបានគេស្គាល់ដោយសាររូបចម្លាក់នាគ រូបចម្លាក់សត្វ និងរូបចម្លាក់មនុស្ស។
សម្ភារៈសម្រាប់ធ្វើរូបចម្លាក់ គឺសម្បូរណាស់ ប៉ុន្តែភាគច្រើនត្រូវបានផលិតចេញពីថ្មកែវ ជាពិសេសលោហធាតុធ្វើពីលង្ហិន និងទង់ដែង។ ឧបករណ៍ និងបច្ចេកទេសដើម្បីបង្កើតវត្ថុទាំងនេះ នៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃនេះ។
យ៉ាងណាមិញ ការរកឃើញនាគត្បូងថ្មបុរាណចុងក្រោយនេះ បង្ហាញពន្លឺថ្មីអំពីប្រពៃណីត្បូងថ្មដ៏សម្បូរបែប នៃវប្បធម៌បុរាណ ដែលបានរីកចម្រើនជាយូរយាណាស់មកហើយ ពោលគឺនៅចន្លោះ ៥,០០០ និង ៦,៥០០ឆ្នាំមុន នៅភាគខាងជើងប្រទេសចិន៕
ប្រភព៖ The Sun និង Daily Mail ប្រែសម្រួលដោយ៖ ឈឹម ទីណា