អាមេរិកប្រកាសផ្តល់កម្ចី ២០ពាន់លានដុល្លារជួយអ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារនិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទានទំហំ ២០ពាន់លានដុល្លារដល់កញ្ចប់កម្ចីក្រុមប្រទេស G7 សម្រាប់ជួយអ៊ុយក្រែន ហើយអាចនឹងប្រកាសនាពេលឆាប់ៗនេះនូវទណ្ឌកម្មថ្មី ដែលផ្តោតលើការទិញអាវុធរុស្ស៊ី។

លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មានមួយថា កញ្ចប់ប្រាក់កម្ចីទំហំ ៥០ពាន់លានដុល្លារកាន់តែជិតឈានដល់ហើយ នៅពេលដែលមេដឹកនាំហិរញ្ញវត្ថុពិភពលោក ប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅចុងសប្តាហ៍នេះ។

លោកស្រី Yellen បានបញ្ជាក់យ៉ាងដូច្នេះថា យើងរំពឹងថា នឹងអាចផ្តល់ប្រាក់ ២០ពាន់លានដុល្លារដល់កញ្ចប់ប្រាក់កម្ចី G7 ដែលមានទំហំ ៥០ពាន់លានដុល្លារ។ ហើយលោកស្រីបានអះអាងទៀតថា ការទទួលបានប្រភពហិរញ្ញប្បទានសម្រាប់ប្រក់កម្ចីទាំងនេះ មិនមែនក្លាយជាអ្នកជាប់ពន្ធអាមេរិកនោះទេ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករូបនេះបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏គ្រោងនឹងប្រកាសដាក់ទណ្ឌកម្មថ្មីនៅដើមសប្តាហ៍ក្រោយ ដែលផ្តោតលើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

ការអត្ថាធិប្បាយរបស់លោកស្រី Yellen កើតឡើងពីរសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលក្នុងនោះបេក្ខជនគណបក្សសាធារណរដ្ឋ លោក Donald Trump និងអនុប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងតែរត់ប្រណាំងប្រជែងតំណែងនៅសេតវិមាន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner