ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែន ជា “មនុស្សឆ្កួត”

ព្យុងយ៉ាង៖ លោកស្រី គីម យ៉ូជុង ជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ និងហៅកូរ៉េខាងត្បូង និងអ៊ុយក្រែនថា ជា “មនុស្សឆ្កួត” ដែលហ៊ានគំរាមកំហែងប្រទេសមានអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានស្រង់សម្តីលោកស្រី គីម យ៉ូជុង ចេញផ្សាយថា ការកត់សម្គាល់ដែលមិនប្រុងប្រយ័ត្នរបស់ពួកគេ ដែលសំដៅលើកូរ៉េខាងត្បូង និងអ៊ុយក្រែន ហាក់ដូចជាលក្ខណៈទូទៅនៃសត្វឆ្កែអាក្រក់ចិញ្ចឹមដោយសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់លោកស្រី គីម នេះកើតឡើងបន្ទាប់ពីមន្ត្រីអ៊ុយក្រែនអះអាងថា ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយនៅខាងរុស្ស៊ី ក្នុងសង្គ្រាមអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាសំខាន់មួយកាលពីសប្តាហ៍មុនថា ទីក្រុងគៀវ ឥឡូវនេះកំពុងប្រយុទ្ធជាមួយកូរ៉េខាងជើង និងអ៊ីរ៉ង់ បន្ថែមពីលើរុស្ស៊ី។

រីឯកូរ៉េខាងត្បូងក៏បានអះអាងស្រដៀងគ្នានេះកាលពីសប្តាហ៍មុនដែរថា កូរ៉េខាងជើងមានបំណងបញ្ជូនកងពលតូចចំនួនបួន ដែលមានទាហានសរុបចំនួន ១២,០០០នាក់ រួមទាំងកងកម្លាំងពិសេសទៅជួយរុស្ស៊ី។ នេះបើយោងតាមការវាយតម្លៃ បានមកពីសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS)។

ទោះបីជាយ៉ាងណា ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានប្រកាសច្រានចោលការចោទប្រកាន់នេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីតទ្រី ប៉េសកូវ បាននិយាយថា វាជា “រឿងមិនពិត”។ ហើយកាលពីថ្ងៃអង្គារ អ្នកតំណាងកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ការចោទប្រកាន់នេះ គឺជា «ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន»៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner