អាមេរិកថាទ័ពកូរ៉េខាងជើង៣,០០០នាក់មាននៅរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមាន បន្ថែមថា «អាចមានផលប៉ះពាល់ជាសកល» និងធ្វើឱ្យកងទ័ពទាំងនោះ ក្លាយជាគោលដៅវាយប្រហារយោធាដោយស្របច្បាប់ សម្រាប់ប្រទេសអ៊ុយក្រែន ប្រសិនបើពួកគេហក់ចូលទៅក្នុងសង្រ្គាម ដែលកំពុងបន្តមាន នៅទីនោះ។

ការលាតត្រដាងពីមន្ត្រីបែបនេះ គឺផ្អែកទៅលើព័ត៌មានស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ជាមួយនឹងការប្រកាសស្រដៀងគ្នា ក្នុងប៉ុន្មានថ្ងៃ ថ្មីៗនេះ ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែន និងកូរ៉េខាងត្បូង។

លោក John Kirby បានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់ដឹងច្បាស់ថា មានទាហានកូរ៉េខាងជើងណាម្នាក់ នឹងចូលរួមក្នុងការប្រយុទ្ធ នៅអ៊ុយក្រែននោះទេ ។

យ៉ាងណាមិញ ទីក្រុងម៉ូស្គូ ឬ រុស្ស៊ី និងក្រុងព្យុងយ៉ាង ឬកូរ៉េខាងជើង បានបដិសេធម្តងហើយម្តងទៀតថា មិនមានការដាក់ពង្រាយនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធ បានហៅការចោទប្រកាន់នេះថា ជាការការឃោសនា របស់ប្រព័ន្ធផ្សព្វផ្សាយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner