ខេត្តមណ្ឌលគិរី ជាខេត្តសំបូរធនធានធម្មជាតិ មានសក្តានុពលនៅមានច្រើន

មណ្ឌលគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តមណ្ឌលគិរី ជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាព បានន័យថា គ្មានកត្តាអំណោយផល ដែលយើងអាចធ្វើបាន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ស្ថិតនៅស្រុក អូររាំង និងទំនប់សែនសុខដុម ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីអនុវត្តការសាងសង់អស់រយៈពេលប្រមាណ ៣ឆ្នាំ  ដោយ ចំណាយថវិកាប្រមាណ ៦២លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានថ្លែងបន្តថា កត្តាអំណោយផលនោះមានអ្វីខ្លះ? ដែលយើងនិយាយនោះ គឺក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាម ដែលធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីការបែកបាក់ទឹកដី ក្នុងរយៈពេល ៥០០ឆ្នាំ ទទួលឯកភាពជាតិពេញលេញនៅឆ្នាំ១៩៨៩ ដែលជាឱកាសសម្រាប់ យុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលអាចធ្វើទៅបាន គឺត្រូវធានា ការពារ សុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ ។

សម្ដេចបន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន និងអាចរក្សា​សន្ដិ​ភាពបាន សម្ដេចតេជោ បានដាក់ចេញនូវយុទ្ធសាស្រ្ដត្រីកោណ យុទ្ធសាស្រ្ដ​ចតុ​កោ​ណ និងខិតខំរក្សាសន្ដិភាពរហូតប្រទេសមានការ​អភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។

សម្ដេចធិបតី បានបញ្ជាក់ថា កត្តាសន្តិភាព នៅតែជាកត្តាសំខាន់​សម្រាប់ការអភិវឌ្ឍ​ប្រទេ​សជាតិ ដោយសារនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ធ្វើឱ្យប្រទេស​ជាតិ​មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner