ការរៀបចំយុទ្ធគុនចម្រុះពានរង្វាន់សម្តេច ធិបតី មានពេលវេលាខ្លីបន្តិច ប៉ុន្តែអាចដំណើរការទៅបានដោយរលូន និងជោគជ័យលើសការរំពឹងទុក
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ បានថ្លែងគូសបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធិបតី ថ្វីដ្បិតការរៀបចំមានរយៈពេលខ្លីបន្តិចមែន ប៉ុន្តែការរៀបចំបានដំណើរការទៅបានយ៉ាងរលូន និងទទួលបានជោគជ័យលើសការរំពឹងទុក។
ការថ្លែងលើកឡើង របស់ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចនៅក្នុងបូកសរុបកលទ្ធផលការងារ និងការវាយតម្លៃចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់នូវចំណុចសំខាន់នៃដំណើររៀបចំព្រឹត្តិការណ៍ប្រកួតនេះថា ការរៀបចំតុបតែងពិសេសទីលានប្រកួតប្លែកភ្នែក និងទាក់ទាញជាមួយការរៀបចំអាសនៈប្រណិត មានអ្នកអត្ថាធិប្បាយជំនាញ អ្នកពោលពិសេស រួមទាំងសាច់ភ្លេង និង យុទ្ធគុន បានធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍ជាមួយកម្រិតបច្ចេកទេសកីឡាប្រយុទ្ធ និងសម្តែងមួយចំនួនធំ មានគុណផលកីឡា (Performance) កម្រិតមធ្យម និងខ្ពស់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ។ ការសម្តែងក្នុងពិធីបិទការប្រកួតបានបញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុនខ្មែរបុរាណយ៉ាងប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាល្អ។
ជុំវិញការផ្សព្វផ្សាយត្រូវបានឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ពន្យល់ថា ព្រឹត្តិការណ៍ប្រកួតទាំងមូលបានបញ្រ្ជាបការយល់ដឹង និងអប់រំអំពីយុទ្ធគុនព្រលឹងដូនតាបានទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ ពិសេសខ្មែរនៅក្រៅប្រទេសក៏បានជ្រួតជ្រាប និងគាំទ្រផងដែរ។
ដោយភាពប៉ិនប្រសព្វ និងទំនាក់ទំនងល្អលើការងារកៀរគរចំណូលរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និង ឯកឧត្តម ឡៅ វណ្ណ ធ្វើឱ្យប្រភពចំណូលលើសពីសេចក្តីត្រូវការក្នុងការរៀបចំការប្រកួតលើកទី១នេះ ប្រកបដោយ ភាពកក់ក្តៅ។ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះទទួលបានការគាំទ្រក្នុងស្មារតីជាតិនិយម ស្រឡាញ់កីឡាវប្បធម៌ កីឡាអត្តសញ្ញាណជាតិនៃយុទ្ធគុនដូនតាខ្មែរ ត្រូវបានបំផុសឡើង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ចំពោះអ្នកទស្សនាផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១ ចំនួន ៥០០០នាក់, ថ្ងៃទី២ ចំនួន ៤.៥០០នាក់, ថ្ងៃទី៣ ចំនួន ៦.០០០នាក់ ដោយសរុបទាំង៣ថ្ងៃមានចំនួន ១៥ ៥០០នាក់។ ដោយឡែកសម្រាប់ការទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយ និងអនឡាញមានចំនួនប្រមាណ ៥លាននាក់៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ