សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកនយោបាយប្រឆាំងនៅតែយកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតាយកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។ បើទោះបីប្រទេសកម្ពុជា ប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ដោយ។ ប៉ុន្ដែក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បន្តឃោសនាញុះញង់ បំភ្លៃការពិត ដើម្បីកេងចំណេញផ្នែកនយោបាយ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា សម្តេចសូមយកពេលនេះ លើកឡើងរឿង CLV-DTA ឥឡូវនៅមានអ្នកនយោបាយមួយចំនួននៅកេងចំណេញ ហើយអតីតបក្សប្រឆាំង ត្រៀមដឹកនាំទៅកូរ៉េ ដើម្បីដឹកនាំប្រជាពលរដ្ឋ ដើម្បីបញ្ចេញ ព័ត៌មានពិត ដើម្បីបន្ដរុញ (បញ្ហា CLV-DTA)។ មូលហេតុអ្វីបានជាយើង ដាក់ចេញគោលនយោបាយបែបនេះ (បញ្ចប់ CLV-DTA) ដើម្បីជំរុញការអភិវឌ្ឍខេត្តភូមិភាគឦសានរបស់យើង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាគម្រោង ដើម្បីកាត់ទឹកដីឱ្យប្រទេសជិតខាងឡើយ។ ផ្ទុយទៅវិញ រយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ ខេត្តភាគឦសានរបស់ប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ជាច្រើន។ អ្នកនយោបាយប្រឆាំងនៅតែមានមហិច្ឆតា យកកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើជាអាជីវកម្មនយោបាយ កេងយកផលចំណេញ។ សូមយកឱកាសនេះ ឈរលើកទឹកដីភាគឦសាន អ្វីជាការគួរអស់សំណើច ទោះបីជាយើងបានបញ្ជាក់ យើងបានបញ្ចប់ បងប្អូនក៏បានដឹងរាជរដ្ឋាភិបាលបញ្ឈប់ការចូលរួម ប៉ុន្ដែនៅមានអ្នក នយោបាយ មួយចំនួន នៅបន្ដដុតអាហ្នឹង នៅតែ CLV-DTA ថា រដ្ឋាភិបាលមិនដកចេញ រដ្ឋាភិបាលភូត! អត់ទេ ។ មិនមានការសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអភិវឌ្ឍត្រីកោណ។ តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ សម្ដេចថា ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាង ប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីកិច្ចសហប្រតិបត្តិការ ដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ ការដកខ្លួនេះ ដើម្បី«ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕
ដោយ៖ពលជ័យ