ប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ ទទួលបានផ្ទះ ២ខ្នង និងអណ្តូងចំនួន៣
ព្រះវិហារ៖ សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូងចំនួន ៣ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រជាអ្នករងគ្រោះថ្នាក់ដោយសារមីនចំនួន២គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។
ផ្ទះទាំងពីរខ្នងនេះ មានតម្លៃសរុបចំនួន ១៤.០០០ដុល្លារ ប្រើពេលវេលាសាងសង់ ៣៨ថ្ងៃ ដែលផ្ទះនីមួយៗមានទំហំ ៥ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ បន្ទប់ទឹកក្នុងផ្ទះ, ចាក់សាបជុំវិញផ្ទះ ត្រូវបានប្រគល់ជូន៖. លោក ស្រ៊ុន យ៉ុង អាយុ ៥៤ឆ្នាំ ជាអតីតយុទ្ធជន ដែលរងគ្រោះថ្នាក់ដោយសារមីន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧មកម្លេះ ដោយមានកូន-កូនប្រសារ និងចៅរស់នៅជាមួយសរុប ៧នាក់ នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅចម្ងាយ ២៧គីឡូម៉ែត ពីព្រំដែនកម្ពុជា-ថៃ។
និងផ្ទះទី២ ប្រគល់ជូន. លោក បេប បឿន អាយុ ៤៦ឆ្នាំ រងគ្រោះថ្នាក់ដោយសារមីន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ រស់នៅជាមួយប្រពន្ធ-កូន និងចៅ សរុប ៦នាក់ នៅភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅចម្ងាយ ១០គីឡូម៉ែតពីព្រំដែន កម្ពុជា-ឡាវ-ថៃ ។
លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាជនទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ពិនិត្យជ្រើសរើសគ្រួសាររងគ្រោះថ្នាក់ដោយសារមីនដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។ ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ, នៅក្នុងស្រុកជាំក្សាន្ត បានពិនិត្យឃើញថា មានគ្រួសាររងគ្រោះថ្នាក់ដោយសារមីនចំនួន ២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះជូន និងប្រគល់ជូននាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ក្នុងមូលដ្ឋានដ៏ឆ្ងាយដាច់ស្រយាលមួយនេះក៏ពិនិត្យឃើញថាកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់, ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតផងដែរ។»
ម្ចាស់ផ្ទះទាំង២ខ្នង បានទទួលអំណោយរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារផ្ទះបាយ និងថវិកា ៥០ម៉ឺនរៀលទៀតផង។ ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦.០០០ដុល្លារ មានទីតាំងទី១ ស្ថិតក្នុងបរិវេណលំនៅដ្ឋានរបស់លោក ស្រ៊ុន យ៉ុង ។ ទីតាំងទី២ ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត, និងទីតាំងទី៣ ស្ថិតក្នុង ភូមិសែនតេជះ ឃុំមរកត។ អណ្តូងទាំង៣នេះ សម្រាប់ដោះស្រាយតម្រូវការទឹកជូនប្រជាជនដែលរស់នៅក្នុងតំបន់ក្បែរនោះ អាស្រ័យផលប្រើប្រាស់ ។
ក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា ក៏បាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣៥គ្រួសារ ដែលរស់នៅក្បែរៗនោះផងដែរ ៕
ដោយ / គ្រី សម្បត្តិ