Zelensky ៖ ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី ជាជំហានដំបូងទៅរកសង្គ្រាមលោក
បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានលើកឡើង កាលពីពេលថ្មីៗនេះថា វត្តមានទាហានកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី គឺជាជំហានដំបូង ឆ្ពោះទៅកាន់សង្រ្គាមលោក។
ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ការចូលរួមរបស់ទាហានកូរ៉េខាងជើង ប្រយុទ្ធដើម្បីរុស្ស៊ី នឹងក្លាយជា «ជំហានដំបូងនៃសង្គ្រាមលោក»។
ទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល បាននិយាយ កាលពីថ្ងៃសុក្រថា ទាហានកងកម្លាំងពិសេសកូរ៉េខាងជើង ប្រហែល ១,៥០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្សីរួចហើយ ដែលទំនងជានឹងឆ្ពោះទៅកាន់ជួរមុខ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងកងទ័ពរាប់ពាន់នាក់ទៀត គ្រោងនឹងចាកចេញ ក្នុងពេលឆាប់ៗនេះ ដែលជាការដាក់ពង្រាយ ជាលើកដំបូងនៅក្រៅប្រទេស របស់ទីក្រុងព្យុងយ៉ាង ។
រីឯ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក លោក John Kirby ទើបបាននិយាយ កាលពីថ្ងៃពុធថា អាមេរិកមានភស្តុតាង បង្ហាញថា ទាហានកូរ៉េខាងជើង យ៉ាងហោចណាស់ ៣,០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដែលបានទទួលការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។
ប៉ុន្តែ រុស្ស៊ីនិងកូរ៉េខាងជើង មិនទាន់ទទួលស្គាល់ទេ ដោយច្រានចោលចំពោះការចោទប្រកាន់នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត