សម្ដេចនាយករដ្ឋមន្ត្រីអំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព និងធ្វើជាមួយគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
មណ្ឌលគិរី៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាដោយភ្ជាប់ជាមួយព្រឹត្តិការណ៍ក្រោយថ្ងៃទី២៣ តុលា ១៩៩១ សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវ រួមគ្នាថែរក្សាសុខសន្តិភាព និងធ្វើជាមួយគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេស។
ក្នុងសង្កថានាពិធីសម្ពោធទំនប់អូរតេធិបតី សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្ហាញទឡ្ហីករណ៍ថា អ៊ុនតាក់ ចំណាយលុយរាប់ពាន់លានដុល្លារ ប៉ុន្តែនៅតែមិនអាចស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាបានដដែល គឺទើបតែចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ទើបប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីបាន ។
ក្រោយការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ ,គោលនយោបាយថ្មីត្រូវដាក់ចេញនៅពេលនោះដែរ។សម្ដេចធិបតីនាយករដ្ឋមន្រ្តបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន៣ធំៗ រួមមាន៖ “១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់សាមគ្គីចេញទៅវាយប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន, ២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ និង៣.ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបានដាក់ចេញ ៥ឆ្នាំម្តង” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅចំណុចទី៣ នេះ ពិតជាសំខាន់ណាស់ គឺការថែរក្សាសុខសន្តិភាព ជាគន្លឹះទុកចិត្តគ្នាកុំឱ្យបែកបាក់សាមគ្គីគ្នា។ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជាតែម្តង៕
អត្ថបទ៖វណ្ណលុក រូបភាព៖វេង លឹមហួត ,សួង ពិសិដ្ឋ