វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង សម្លឹងទៅរកការលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ
ស្វាយរៀង៖ ក្នុងជំហានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
ក៏បានយកចិត្តទុកក្នុងការបង្កើន និងបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈនិងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ។
យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤បានអញ្ជើញចូលរួមបើកកិច្ចប្រជុំ“ការបង្កើន និងពង្រឹងការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។
លោកអភិបាលរងខេត្តបានទាញអារម្មណ៍កិច្ចប្រជុំថា រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។ ដោយឡែក “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ក៏ត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ដូច្នេះ កម្មវិធីថ្ងៃនេះមានសារៈប្រយោជន៍ជាចាំបាច់ និងជាការរួមចំណែកយ៉ាងសំខាន់អនុវត្តកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល។
លោកបានជំរុញវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ។ខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សា ដើម្បីបំពេញនូវតម្រូវការអ្នកប្រើប្រាស់កម្លាំងពលកម្ម អ្នកវិនិយោគទាំងពេលបច្ចុប្បន្ន និងទៅអនាគត។បន្ថែមលើសពីនេះត្រូវខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ ។បណ្ដុះបណ្ដាលសិស្សឱ្យសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌ខ្ពស់។
លោក ព្រាប រ៉ាវន់ នាយករងនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានឱ្យដឹងថា វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ។ការបណ្ដុះបណ្ដាលមាន ជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀត ដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។សិស្ស និស្សិតកំពុងសិក្សាសរុបចំនួន ១ ៩៦២នាក់ (ស្រី៥២៩នាក់)។ វិទ្យាស្ថានក៏មានកិច្ចសហការ និងការចុះអនុស្សរណៈយោគយល់ជាមួយស្ថាប័នបណ្តុះបណ្តាល និងសហគ្រាស ក្រុមហ៊ុន ក្នុងប្រទេសនិងក្រៅប្រទេសផងដែរ៕
ដោយ៖នុត នាង