ក្រសួងការងារអំពាវនាវឱ្យ សិស្សានុសិស្ស យុវជន យុវនារី ចូលរួមឱ្យបានច្រើនកុះករពិព័រណ៍ការងារ និងផលិតភាពជាតិនៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានអំពាវនាវឱ្យសិស្សានុសិស្ស យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ឯកឧត្តមរដ្ឋលេខាធិការលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺន កន្លែង ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ពិព័រណ៍ការងារ និងផលិតភាពជាតិនៅឆ្នាំ២០២៤ នឹងក្លាយជាកម្មវិធីមួយដែលជាទីកន្លែងដាក់តាំងនូវឱកាសការងារ ជ្រើសរើសការងារ ផលិតផលជាតិ និងជាកន្លែងផ្តល់នូវគំនិតល្អពីវាគ្មិនល្បីៗ ទៅដល់សិស្សានុសិស្ស យុវជន យុវនារី។ សិស្សានុសិស្ស យុវជន យុវនារី សូមទៅសិក្សាស្វែងយល់ពីឱកាសការងារ និងស្រូបយកចំណេះដឹងពី ពិព័រណ៍ប្រចាំឆ្នាំដ៏សំខាន់មួយនេះ ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា យុវជន យុវជននារី សិស្ស និស្សិត និងសាធារណជន សូមទៅចូលរួមឱ្យបានច្រើនកុះករ ក្នុងនោះយុវជននឹងអាចដាក់ប្រវត្តិរូបការងារ ហើយធ្វើការសម្ភាសន៍ភ្លាមៗពីសំណាក់ក្រុមហ៊ុនឯកជននៅនិងកន្លែងពិព័រណ៍ផ្ទាល់ផងដែរ។

គួរបញ្ជាក់ផងដែរថា ការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នា​ពេល​​នេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការ​ជួយជ្រោម​ជ្រែង​និយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែក​រំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលា​ផលិត​ភាព​ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារ​ដោយមាន​ការ​ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែល​អ្នក​ស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាម​ប្រព័ន្ធ​អន​ឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ​ទូរស័ព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner