ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខា​រួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងក្រុមប្រឹក្សាស្តារអភិ​វឌ្ឍ​ន៍​វិស័យ​​កសិកម្មនិងជនបទ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល​មួយ​នៅថ្ងៃទី២៤ខែតុលានេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បី​ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់​បន្ថយភាពក្រីក្រ។

នៅក្នុងពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលមានអ្នកចូលរួមពីតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងក្រុមហ៊ុនឯកជន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង ឯកឧត្តមបណ្ឌិត កៅ ថាច បាន​សម្តែង​នូវសុទិដ្ឋិនិយមថា អនុស្សារណៈយោគយល់គ្នានេះមានគោលបំណង​ផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ដើម្បីចូលរួមចំណែក​លើកកម្ពស់​ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត កៅ ថាច បានចាត់ទុកថា ពិធីចុះហត្ថលេខានេះជាសក្ខីភាពនៃកិច្ច​សហប្រតិបត្តិការរវាងស្ថាប័នរដ្ឋពីរ ដែលមានតួនាទីគាំទ្រគោលនយោបាយរបស់​រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារ (ARDB) បាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទានដល់គ្រប់តួអង្គ ក្នុងខ្សែ​ច្រវ៉ាក់តម្លៃកសិកម្ម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកំពុងឆ្ពោះទៅរក​ទស្សន​វិស័យប្រែក្លាយជាធនាគារមានចីរភាព (Sustainable bank) ដូច ដែលមានចែង​ក្នុង​ផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារផងដែរ។

គួរបញ្ជាក់ថា ក្រោមអនុស្សារណៈយោគយល់គ្នានេះ ធនាគារ (ARDB)នឹងសហការ​យ៉ាង​ជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងគណៈ​កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយលើការរៀបចំគម្រោងរួមគ្នាផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ជាក់ស្តែងនៅក្នុងនីតិ​កាល​ទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ​ចក្ខុវិស័យ​វែងឆ្លាយ ថាមពល និងប្រាកដនិយមរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី បន្តរក្សាការប្តេជ្ញាចិត្តខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំងនិងការ​ប្រែប្រួល​អាកាស​ធាតុ ដោយកំណត់ការធានាចីរភាពបរិស្ថាន ការរៀបចំឆ្លើយតបការការប្រែប្រួល​អាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតងជាអទិភាពគន្លឹះ ក្នុងមុំទី៥ នៃយុទ្ធ​សាស្រ្តបញ្ចកោណដំណាក់កាលទី១ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner