ចាយពេល ៣៥០ឆ្នាំ ទើបហ្គាហ្សាអាចត្រឡប់ដូចពេលគ្មានសង្គ្រាម
ហ្គាហ្សា ៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិព្យាករថា ការកសាងតំបន់ហ្គាហ្សាឡើងវិញ អាចនឹងត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍ឯណោះ បើសិនសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាជម្លោះធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២ បិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP។
យោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ បានបញ្ជាក់ថា ប្រសិនបើនិន្នាការកំណើនសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៧-២០២២ វិលត្រឡប់មកវិញជាមួយនឹងអត្រាកំណើនជាមធ្យម ០.៤ភាគរយ នោះតំបន់ហ្គាហ្សានឹងចំណាយពេល ៣៥០ឆ្នាំ ដើម្បីស្តារកម្រិតផលិតផលក្នុងស្រុកសរុប (GDP) ដូចឆ្នាំ២០២២។
សារព័ត៌មាន AP បានរាយការណ៍ថា ៣៥០ឆ្នាំគឺជាពេលវេលាមួយដ៏យូរ… វាហាក់ដូចជាអង់គ្លេស និងហូឡង់ទើបតែបានងើបឡើងវិញ ពីសង្គ្រាមដែលពួកគេបានប្រយុទ្ធគ្នាកាលពីចុងទសវត្សរ៍ឆ្នាំ១៦០០។
ការវាយតម្លៃរបស់អង្គការសហប្រជាជាតិក្នុងខែកញ្ញា ដោយផ្អែកលើរូបភាពផ្កាយរណប បានប៉ាន់ប្រមាណថា ប្រហែលមួយភាគបួននៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ។
កាលពីចុងខែមករា ធនាគារពិភពលោក (WB) ក៏បានព្យាករផងដែរថា ការខូចខាតអាចហក់ដល់ ១៨.៥ពាន់លានដុល្លារ ពោលគឺស្ទើរតែជាទិន្នផលសេដ្ឋកិច្ចរួមបញ្ចូលគ្នារវាងតំបន់ West Bank និង Gaza ក្នុងឆ្នាំ២០២២។
យ៉ាងណាមិញ របាយការណ៍ដាច់ដោយឡែកមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារ ដោយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ រំពឹងថា បើសិនមានការវិនិយោគធំៗ និងដកការរឹតបន្តឹងសេដ្ឋកិច្ច នោះសេដ្ឋកិច្ចប៉ាឡេស្ទីនទាំងមូល រួមទាំងតំបន់ West Bank នឹងអាចវិលត្រលប់មកវិញនៅត្រឹមឆ្នាំ២០៣៤៕
ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា