ប្រាក់ខែទាប និងសម្ពាធការងារជំរុញគ្រូពេទ្យកូរ៉េចង់ទៅធ្វើការក្រៅប្រទេស
សេអ៊ូល ៖ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress វេជ្ជបណ្ឌិតកូរ៉េខាងត្បូងមានជំនាញផ្សេងៗគ្នា ដែលមិនសប្បាយចិត្តនឹងលក្ខខណ្ឌការងារក្នុងស្រុក កំពុងដាក់ពាក្យសុំធ្វើការងារនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤នេះ។
កាសែតកូរ៉េខាងត្បូង The Chosun Daily រាយការណ៍ថា វេជ្ជបណ្ឌិតជាង ៣០នាក់ ក្នុងចំណោមពួកគេបានធ្វើតេស្តសុខភាពរួចរាល់កាលពីចុងខែមុន ហើយឥឡូវនេះកំពុងត្រៀមប្រឡងភាសាអង់គ្លេសនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានទីក្រុងហូជីមីង (HCMC) ក្នុងរយៈពេលពីរខែទៀត។
វេជ្ជបណ្ឌិតបរទេសមកពីប្រទេសមានប្រព័ន្ធថែទាំសុខភាពកម្រិតខ្ពស់ មិនតម្រូវឱ្យឆ្លងកាត់ការប្រឡងសញ្ញាបត្រក្នុងស្រុក ដើម្បីធ្វើការនៅប្រទេសវៀតណាមនោះទេ ប៉ុន្តែត្រូវផ្តល់អាជ្ញាប័ណ្ណវិជ្ជាជីវៈដែលចេញដោយប្រទេសកំណើតរបស់ពួកគេ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ក៏ដូចជាការធ្វើតេស្តភាសាអង់គ្លេស។
តំណាងក្រុមហ៊ុនដែលជួយបកប្រែ និងកត់ត្រាឯកសារសម្រាប់វេជ្ជបណ្ឌិតបរទេសនិយាយថា គ្រូពេទ្យវះកាត់កែសម្ផស្ស គ្រូពេទ្យជំនាញជំងឺសើស្បែក ទន្តពេទ្យ និងអ្នកឯកទេសផ្នែកសង្គ្រោះបន្ទាន់ជាច្រើនរបស់កូរ៉េខាងត្បូង ចាប់អារម្មណ៍ធ្វើការនៅវៀតណាម។
មន្ទីរពេទ្យឯកជនមួយនៅទីក្រុងហាណូយ បានផ្តល់ការងាររយៈពេល ៤៤ម៉ោងក្នុងមួយសប្តាហ៍ ហើយហ៊ានឱ្យប្រាក់បៀវត្សរ៍ប្រចាំខែដល់ទៅ ២២,០០០ដុល្លារ និង ៨០០ដុល្លារសម្រាប់ការងារពិនិត្យសុខភាពដល់ផ្ទះ សម្រាប់ក្រុមគ្រូពេទ្យកូរ៉េខាងត្បូង។
មូលហេតុដែលគ្រូពេទ្យកូរ៉េខាងត្បូងសម្រេចចិត្តធ្វើបែបនេះ គឺដោយសារពួកគេភាគច្រើនមិនពេញចិត្តនឹងលក្ខខណ្ឌការងារនៅតាមគ្លីនិចក្នុងស្រុក ជាពិសេសផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនចំនួនសិស្សប្រឡងចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។
ប៉ុន្តែផែនការនេះ ត្រូវបានក្រុមគ្រូពេទ្យកម្មសិក្សាយល់ឃើញថា ពួកគេជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ ដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP៕
ប្រភព៖ VNExpress និង AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា