ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ គឺជាផលជាក់ស្តែងនៅលើដី ដែលពលរដ្ឋទទួលបាន

មណ្ឌលគីរី៖ ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែនៅរូបភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើដីសម្រាប់​ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ។ នេះជាការលើកឡើងរបស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ដែលជាសមិទ្ធផលថ្មីមួយទៀត លើទឹកដីនៃខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤តុលា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំនិយាយពីដើមទីរួចមកហើយ តាំងពីដើមអាណត្តិមក គោលនយោបាយល្អឥតខ្ចោះវាអត់សំខាន់នោះទេ វាល្អបាន​ត្រឹម ៤០ ទៅ ៥០ភាគរយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាកត្តាកំណត់នៃភាព​ជោគជ័យ​នោះគឺលទ្ធផលជាក់ស្តែងនៅលើដី ហើសមិទ្ធផលដែលធ្វើហើយនោះគឺបានផ្តល់​ផល​ប្រយោជន៍ជាក់ស្តែងឱ្យប្រជាពលរដ្ឋ ។

សម្តេច បានបន្ថែមថា ជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍ មិនមែនបានតែ​នៅរូប​ភាព នៅលើក្រដាស់ និងលើ Facebook នោះទេ គឺផលជាក់ស្តែងនៅលើ​ដីសម្រាប់ប្រជាពលរដ្ឋ បានទទួលយ៉ាងពិតប្រាកដ ជាក់ស្តែងដូចជាការសម្ពោធ ទំនប់អូរតេធិបតីនេះជាដើម ហើយនេះគឺជាអ្វីដែលយើងត្រូវតែខិតខំជម្រុញបន្ត​ទៅមុខ​ទៀត ដែលជាលទ្ធផលនៅលើដីសម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់​ជាក់ស្តែង។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដោះស្រាយតម្រូវការរបស់​ប្រជា​ពលរដ្ឋ មិនមែនតែមួយវិស័យនោះទេ ហើយក៏មិនអាចដោះស្រាយ ដោយជប់មួយ​ថ្ងៃបានចេញទាំងអស់នោះដែរ គឺយើងត្រូវធ្វើការជាជំហាន។

សម្តេចបានបញ្ជាក់ថាក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ គឺជារយៈពេលដែល​យើង​បានដើរទៅមុខជានិច្ច ក្រោយពីកម្ពុជាបានចប់សង្គ្រាម ដែលបានដើរតាំងពីមិនសូវ​មានមនុស្ស មកមានមនុស្ស តាំងពីមិនសូវមានផ្លូវតភ្ជាប់ មកជាមានផ្លូវតភ្ជាប់ រហូត​មាន​ដល់មត្តេយ្យសិក្សា មធ្យមសិក្សា សាលាឧត្តមសិក្សា មានមណ្ឌលសុខភាព ពង្រាយតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនៅតែបន្ត​ធ្វើ​បន្ថែម​ទៀតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះបីជាសមិទ្ធផលទាំងនេះនៅមិនគ្រប់ សម្រាប់ប្រជាពលរដ្ឋ តែយើងគឺត្រូវតែទទួលស្គាល់នូវការអភិវឌ្ឍទៅមុខរបស់ ប្រ​ទេសកម្ពុជា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ហើយបើទោះបីជាសមិទ្ធ ផល​ទាំងនោះមិនអាចគ្រប់តម្រូវការ តែរាជរដ្ឋាភិបាលក៏មិនបាននៅស្ងៀមនោះដែរ គឺបានបន្តធ្វើនឹងដោះស្រាយនៅគ្រប់វិស័យទាំងអស់ជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាក្នុងការថែរក្សាស្ថេរភាព សន្តិសុខ សុវត្ថិភាព និងរួមគ្នាអភិវឌ្ឍ​សមិទ្ធផល ដោះស្រាយបញ្ហាផ្សេងៗជូនដល់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner