នូវែល សេឡង់៖ ​«​​ឱបលា​គ្នា» នៅព្រលានយន្តហោះ មិនឲ្យលើស៣នាទី

បរទេស៖ អាកាសយានដ្ឋាន នៅប្រទេស នូវែល សេឡង់ បានដាក់កំហិត រយៈពេលត្រឹម៣នាទី លើការឱបលាគ្នា ដែលបង្កឱ្យមានការជជែកដេញដោលគ្នា។

លោក Daniel De Bono នាយកប្រតិបត្តិ ព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុង Dunedin ភាគខាងត្បូង បាននិយាយថា «ដើម្បីដំណើរការដោយរលូន យើងបានដំឡើងផ្លាកសញ្ញាថ្មី រួមទាំងសញ្ញា Max hug time 3 minutes ឬ «សូមឱបលា ត្រឹមតែ៣នាទី»។

លោកបានបន្តថា «នីតិវិធីរបស់យើងមានលក្ខណៈចម្លែកបន្តិច ហើយរំឭកប្រជាជនថា តំបន់ទម្លាក់អីវ៉ាន់ សម្រាប់ការលាគ្នា ត្រូវតែធ្វើយ៉ាងឆាប់រហ័ស»។ លោកថា បើចង់ឱបយូរ អាចរកកន្លែងចតរថយន្តសិន។

ការរឹតបន្តឹង​ឱបបែបនេះ បានធ្វើឱ្យមានការជជែកវែកញែកគ្នា តាមប្រព័ន្ធអ៊ីនធឺណិត។ ស្ត្រីម្នាក់បានបញ្ចេញមតិ នៅលើទំព័រហ្វេសប៊ុក របស់អាកាសយានដ្ឋានថា «ខ្ញុំរីករាយ បើមានពេលអោបគ្នា ឲ្យបានច្រើន»។ ​ម្នាក់បង្ហោះទៀត បានរៀបរាប់ថា «ឱបប៉ូលីសមែន! នេះជារឿងចម្លែក! ការឱបត្រូវបានគេបង្ហាញឱ្យឃើញថា មានអត្ថប្រយោជន៍ជាច្រើន មិនសំដៅតែលើសុខភាពផ្លូវចិត្ត នោះទេ»។

អាកាសយានដ្ឋាន Dunedin បាននិយាយថា ខ្លួនបានចាប់ផ្តើម​កំណត់ការឱបលាគ្នា តាំងខែកញ្ញា ដោយមានប្រតិកម្មដំបូង តិចតួចប៉ុណ្ណោះ នេះបើតាមលោកស្រី Sarah Soper នាយកប្រតិបត្តិផ្នែកទីផ្សារ និងទំនាក់ទំនងរបស់ អាកាសយានដ្ឋាន៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner