ទោះជាស្ងប់ស្ងាត់ទៅវិញ ក៏មន្រ្តីនៅតែរំលឹកដល់កម្លាំងចម្រុះកុំ បន្ធូរដៃ ក្នុងការបង្រ្កាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ
កំពង់ធំ៖បន្ទាប់ពីមានវិធានការទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ក្នុង ភូមិសាស្រ្តខេត្តកំពង់ធំជាច្រើនខែកន្លងទៅនេះបានស្ងប់ស្ងាត់មក
ទន្ទឹមនឹងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិខេត្តកំពង់ធំបានឈរជើងនៅចំណុចក្តៅដែលតែងតែ
កើតឡើងនូវបទល្មើសលួចកាប់ទន្រ្ទាន។ទោះជាដូចនេះក្តី ក៏មន្រ្តីជាន់ ខ្ពស់ខេត្តនៅតែរំលឹកដល់កម្លាំងចម្រុះកុំបន្ធូរដៃក្នុងការបង្រ្កាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងអនុប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក្នុងឱកាសប្រគល់អំណោយដល់កម្លាំង ចម្រុះទៅនៅទីបញ្ជាការស្រាលតំបន់កែងបឹង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ និងបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ចនាពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ ។
ទន្ទឹមនេះឯកឧត្តមបានណែនាំបន្ថែមថា ត្រូវបន្តប្ដេជ្ញាចិត្តដាច់ ខាតការពារទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានការកើតឡើងជាថ្មី នូវការកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋ។ត្រូវគ្រប់គ្រងផ្ទៃដីដែលបាន ដកហូតពីជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ឱ្យបានហ្មត់ចត់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញនិងត្រូវសាមគ្គី ឯកភាព សហការគ្នាឱ្យបានល្អរវាងកងកម្លាំងចម្រុះ និងអាជ្ញាធរដែនដី ដើម្បីបន្តគ្រប់គ្រងការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ។ ដោយឡែកក្នុងករណីមានបុគ្គលណាដែលស្ថិតនៅក្នុងកងកម្លាំងចម្រុះលួចឃុបឃិតគ្នាក្នុងការចូលរួមជាមួយជនល្មើស បំផ្លាញធនធាន ធម្មជាតិ ត្រូវទទួលទោសតាមច្បាប់ ដោយគ្មានការលើកលែង។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងចម្រុះ នៅទីបញ្ជាការស្រាលចំនួន៣គោលដៅ ដោយនាំទៅជាមួយនូវអំណោយជាស្បៀង និងប្រេងឥន្ធនៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ៕
ដោយ៖ ប៊ុន រដ្ឋា