វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំនៅក្រុងស្ទឹងសែន
កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែនក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងក្នុងវេទិកាសាធារណៈដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែតុលា ថា វេទិកានេះដើម្បីជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួម និងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ចំណែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្នុងក្របខ័ណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិកាក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ដើម្បីស្តាប,ទទួលយកនូវបញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងវេទិកាសាធារណៈនេះក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១០សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន២៦សំណួរ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់ ផ្លូវបេតុង) អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ប្រព័ន្ធលូតាមសាលារៀន អំពូលភ្លើងតាមផ្លូវបេតុង ករណីក្មេងទំនើង និងការទុកដាក់សម្រាមឱ្យមានសណ្ដាប់ធ្នាប់ជាដើមហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនផងដែរ។
សូមបញ្ជាក់ថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើប្រធានបទចំនួន៤រួមមាន៖១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។ ៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនិង ៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម៕
ដោយ៖ប៊ុន រដ្ឋា