ទូកង សន្ទុះរាជសីបារមីចង្ហាន់ហុយ កំពុងជួសជុលដោយក្រុមកីឡាករទូក ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ
កំពង់ឆ្នាំង ៖ទូក ង ឈ្មោះ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ របស់វត្តទួលព្រះវិហារក្នុង ស្ថិតនៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ទូកនេះបានកសាងឡើងនៅឆ្នាំ២០០៣ និងធ្លាប់បានចូលរួមប្រកួតយកជ័យជំម្នះផែនលេខ ១ ចំនួន ៤លើកនិងផែនលេខ២ ចំនួន ២ លើក ។ទូកនេះកំពុងជួសជុលដោយក្រុមជាងដើម្បីត្រៀមចូលរួមប្រកួតនៅពេលក្នុងពិធីបុណ្យអុំទូកខាងមុខ។
លោក ស៊ុំ ស៊ត ជាមេជាងកំពុងជួសជុលទូកងខាងលើបាននិយាយថា ទូកនេះបានកសាងនៅអំឡុងឆ្នាំ២០០៣ ហើយបានចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ បានទទួលចំណាត់ថ្នាក់ផែនលេខ ១ ចំនួនបួនលើក ។ក្រោយមកដោយសារទូកមានសភាពទ្រុឌទ្រោមខ្លាំងនៅឆ្នាំ២០២០ ព្រះគ្រូចៅអធិការវត្តព្រះនាម ពៅ ចាន់ណារិទ្ធិ ក៏បានផ្ដួចផ្ដើមកសាងទូកថ្មីមួយទៀត ដែលមានឈ្មោះដូចគ្នា គឺសន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ ហើយបានចូលរួមប្រកួតចំនួនពីរលើកដោយទទួលបានចំណាត់ថ្នាក់លេខ២ ទាំងពីរលើក ។បញ្ហាធ្លាក់មកចំណាត់ថ្នាក់លេខ ២ គឺមិនមែនមកពីបញ្ហាទូកកសាងថ្មីទេគឺដោយសារទូកគេមានល្បឿនលឿនជាង។ ទូកថ្មីនេះមានប្រវែង ២៩,៥ម៉ែត្រក មានចំណុះជើង៤៦ នាក់។សរុបទាំងកីឡាករបម្រុងទាំងអ្នកដាំបាយនិងអ្នកបាចទឹកមានចំនួន៧០នាក់ ។សម្រាប់ការចូលរួមប្រកួតមួយលើកៗត្រូវ ចំណាយប្រមាណថវិកា១២លានរៀល។
ព្រះភិក្ខុ កែវ សារុន គ្រូសូត្រស្ដាំ វត្តទួលព្រះវិហារក្នុង មានថេរដីកាថា ទូកសន្ទុះរាជសីហ៍បារមីចង្ហាន់ហុយទូកង កំពុងជួសជុលនេះ ដើម្បីត្រៀមចូលរួមប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំនាខែវិច្ឆិកាខាងមុខ ។ចំណែកការចំណាយលើការជួសជុលទូកដែលធ្លាប់តែឈ្នះនាពេលជាការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ក្រុមកីឡាករនិងគណៈកម្មការរទូក រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត ។ក្នុងនាមព្រះសង្ឃគង់នៅវត្តទួលព្រះវិហារក្នុង ក៏ដូចជាគណៈកម្មការទូក ង សូមអំពាវនាវដល់ពុទ្ធបរិស័ទ សប្បុរសជនមេត្តាជួយឧបត្ថម្ភដល់ក្រុមកីឡាករទូក ង ឈ្មោះសន្ទុះរាជសីបារមីចង្ហាន់ហ៊ុយនេះផង។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៤ ខែតុលា លោក ដូវ គឹមស៊ីង អភិបាលស្រុកជលគីរីបានដឹកនាំក្រុមការងារអញ្ជើញមកពិនិត្យទូក ង
ឈ្មោះ សន្ទុះរាជសី បារមីចង្ហាន់ហុយ ដល់ក្នុងវត្ត។លោកនិយាយថា លោកបានចុះត្រួតពិនិត្យទូកងទាំង៩ ក្នុងចំណោមទូក ទាំង១២ (អវត្តមាន៣មិនបានចូលរួមប្រកួត) ដែលត្រៀមចូលរួមប្រកួតក្នុងពិធីព្រះរាជពិធីបុណ្យអុំទូកក្នុងពេលខាងមុខ ថា តើពួកគាត់ខ្វះខាតអីខ្លះ? លោកនឹងបំពេញបន្ថែម៕
ដោយ៖សុខ គឹមសៀន