ជំងឺឯកោសម្លាប់ពលរដ្ឋកូរ៉េរាប់ពាន់នាក់មួយៗឆ្នាំ រដ្ឋាភិបាលចាយ ៣០០លានដុល្លារទប់ស្កាត់

សេអ៊ូល ៖ ជំងឺឯកោ ឬ Loneliness កំពុងក្លាយជាឃាតករឈាមត្រជាក់ សម្លាប់ជីវិតប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើនជាបុរសវ័យកណ្តាល។ ជួនកាល ត្រូវចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលសាកសពជនរងគ្រោះត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ករណីស្លាប់ទាំងនោះ គេឱ្យឈ្មោះថា “ការស្លាប់ដ៏ឯកោ” ឬ ភាសាកូរ៉េហៅថា Godoksa។ ជំងឺឯកោដែលធ្វើឱ្យមនុស្សឈានដល់ការបញ្ចប់ជីវិតខ្លួនឯងនេះ ទំនងជាមានជាប់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន មានដូចជាការបាក់ទឹកចិត្ត, គម្លាតសង្គម, តម្លៃរស់នៅខ្ពស់ គ្មានគោលដៅ រិះគន់ខ្លួនខ្លាំងពេក និងខ្លាចការបរាជ័យជាដើម។

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរក្រុងសេអ៊ូលបានប្រកាសចំណាយប្រាក់ជិត ៣២៧លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីបង្កើតទីក្រុងដែលគ្មាននរណាឯកកោ និងគម្រោងផ្តល់សេវាកម្មផ្លូវចិត្ត។
គំនិតផ្តួចផ្តើមថ្មីនេះ រួមមានអ្នកផ្តល់ប្រឹក្សាអំពីភាពឯកកោតាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងក្នុងមួយសប្តាហ៍ ការចាត់វិធានការតាមដាន និងការចុះទៅជួបផ្ទាល់ ព្រមទាំងការពិគ្រោះយោបល់។

ជាពិសេសលើកទឹកចិត្តជនមានវិបត្តិផ្លូវចិត្តទាំងនោះ ងាកមកផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដ៏ទៃក្នុងសង្គមវិញ មានដូចជាការដើរលេងកំសាន្តតាមសួនច្បារ លេងកីឡា អានសៀវភៅ និងសកម្មភាពជាច្រើនផ្សេងទៀត។ នេះបើ តាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងសេអ៊ូល។

ចំនួនអ្នកស្លាប់ដោយសារភាពឯកកោនៅកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកដល់ ៣,៦៦១នាក់កាលពីឆ្នាំ២០២៣, ៣,៥៥៩នាក់ក្នុងឆ្នាំ២០២២ និង ៣,៣៧៨នាក់ក្នុងឆ្នាំ២០២១ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។

ក្នុងនោះច្រើនជាង ៨៤ភាគរយនៃករណីស្លាប់ដោយសារភាពឯកកោ ដែលបានកត់ត្រាកាលពីឆ្នាំមុន គឺជាបុរស ពោលគឺច្រើនជាងស្រ្តីដល់ទៅ ៥ដងឯណោះ មានវ័យចន្លោះពី ៥០ទៅ៦០ឆ្នាំ៕

ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner