នាយករដ្ឋមន្ត្រី ស្នើឱ្យស្រាវជ្រាវរកមេខ្យល់ ដែលបំផុសពលរដ្ឋថា ចុះឈ្មោះបានដីសម្បទានសង្គមកិច្ច មកអនុវត្តច្បាប់
(ខេត្តមណ្ឌលគិរី)៖ សម្តេចមហាបវរធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់ ដែលដើរដែលបំផុសបំផលប្រជាពលរដ្ឋថា ចុះឈ្មោះបានដីសម្បទានសង្គមកិច្ច មកអនុវត្តច្បាប់ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខ្ញុំបានប្រកាស រឿងដីសម្បទានសង្គមកិច្ច ក្រុមការងារកំពុងរៀបចំ និងប្រកាសចាប់ផ្តើមពីដើមឆ្នាំក្រោយ ប៉ុន្តែខ្ញុំមើលហ្វេសប៊ុកល្ងាចមិញ មានមេខ្យល់ទៅដើរបំផុសប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះយកដីសម្បទាន។ ខ្ញុំសូមបញ្ជាក់ អត់មានទេ អត់មានមេខ្យល់ណាទៅបំផុស ដើម្បីយកដីសម្បទានទេ។ បើចុះឈ្មោះត្រូវតាមយន្តការរដ្ឋ។ កន្លងទៅ យើងមានយន្តការដីសម្បទានចុះឈ្មោះតាមអាជ្ញាធរ ក្រៅពីហ្នឹង ក្រោយពីគណៈកម្មការបង្កើត យើងមានការផ្សព្វផ្សាយច្បាស់លាស់ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញង់របស់មេខ្យល់ ដែលអះអាងថា ចុះឈ្មោះដើម្បីបានដីសម្បទានសង្គមកិច្ច។ សម្តេច ថា មិនមានគោលការណ៍ចែកដីសម្បទាននោះទេ។ ករណីនេះដែរ សម្តេចធិបតី ក៏បានស្នើអាជ្ញាធរសមត្ថកិច្ច ស្រាវជ្រាវរកមេខ្យល់នោះ ដើម្បីអនុវត្តច្បាប់ ។
សូមរំលឹកថា ថ្មីៗនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ ពីព្រោះអ្នកខ្លះបន្លំខ្លួនជាតំណាងពលរដ្ឋក្រីក្រ ដើម្បីស្នើសុំដីរាប់ពាន់ហិកតាពីរដ្ឋ ដែលសម្តេចចាត់ទុកថា នោះគឺជាបទល្មើសត្រូវប្រឈមនឹងផ្លូវច្បាប់។ សម្តេច បានលើកឡើងថា រាជរដ្ឋាភិបាលក៏មានយន្តការច្បាស់លាស់ ក្នុងការផ្ដល់ដីជូនប្រជាពលរដ្ឋ ដែលគ្មានដីពិតប្រាកដ។ សម្តេច ថា ចំពោះពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល កំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឲ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ រដ្ឋបានអនុវត្តគោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ ។
សម្តេចធិបតី បានបន្ថែមថា តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ