ខេត្តបន្ទាយមានជ័យរៀបចំពិធីប្រណាំងទូកពីរថ្ងៃក្នុងសប្ដាហ៍នេះ

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយជ័យ និងមន្ទីរ អង្គភាពពាក់ព័ន្ធ គណៈកម្មការទូក កីឡាករទូក ។ល។បានត្រៀមរួចជាស្រេចហើយ​ក្នុង​ប្រារព្ធពិធីបុណអុំទូក បណ្ដែតប្រទីបថ្នាក់ខេត្តរយៈពេលពីរថ្ងៃ ដែលនឹង​ចាប់ផ្តើមនៅថ្ងៃសៅរ៍និងអាទិត្យទី២៦ និងទី២៧ ខែតុលា ឆ្នាំ​២០២៤​ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤។

ពិធីបុណ្យអុំទូក បណ្ដែតប្រទីបខេត្តបន្ទាយមានជ័យរៀបចំនៅ​បរិវេណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ តាម​បណ្ដោយ​ដងស្ទឹងទឹកថ្លាក្រុងសិរីសោភ័ណ។ លោក ណង វុទ្ធី នាយករដ្ឋបាល​សាលាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ឆ្នាំនេះ​ចំនួនទូកនិង​កីឡាករកើនជាងឆ្នាំមុន ។ឆ្នាំនេះមានទូកចូលរួមចំនួន៣៨ទូក ចាប់ពីទូកមានចំណុះ ៤នាក់ដល់ចំណុះ៧៥នាក់។ ។មានកីឡាករអុំ និងកីឡាករបម្រុងជាមួយក្រុមការងារសរុប១ ២២២ នាក់ ។

លោក ណង វុទ្ធ បន្តថា ក្នុងឆ្នាំនេះដែរគ្រប់អង្គភាព ស្ថាប័ន មន្ទីរ និងរដ្ឋបាលក្រុង ស្រុកចូលរួមបណ្ដែតប្រទីបចំនួន៤៣ប្រទីប ។ក៏មានពិធីតាំងពិព័រណ៍ផលិតផល ភូមិ១ផលិតផល១ ផងដែរ។

លោករំពឹងថា បុណ្យអុំទូកឆ្នាំ២០២៤ នឹងមានអ្នកទស្សនានិង​អ្នក​ទេសចរជាតិ អន្តរជាតិ ធ្វើដំណើរមកកម្សាន្តច្រើនកុះករ ។រដ្ឋបាល​ខេត្ត រួមជាមួយកម្លាំងទាំងបីប្រភេទក្នុងខេត្តបានត្រៀមរួចរាល់អស់ហើយក្នុង​រៀបចំសណ្ដាប់ធ្នាប់ ការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ​សប្បាយរីករាយក្នុងឱកាសនេះ។

ចំណែក លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ​បានរំលឹកពីពិធីបុណ្យអុំទូកថា ជាទំនៀមទម្លាប់​ប្រពៃណីខ្មែរ​តាំងពីដើមរៀងមកពិសេសរំលឹកនូវវិរភាពអង់អាចក្លាហានមោះមុតរបស់កងទ័ពជើងទឹកខ្មែរសម័យបុរាណនិងអរគុណដល់ព្រះគង្គា
ព្រះធរណីជួយដល់ការដឹកជញ្ជូន និងភោគផលកសិកម្ម។
ដោយឡែកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥ និងទី១៦ ខែវិច្ឆិកា
ឆ្នាំ២០២៤៕
ដោយ៖ គៀន ច័ន្ទហ៊ីន

ads banner