រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវពីរខ្សែ និងទីតាំងដែលត្រូវសាងសង់ស្ពានមួយកន្លែង នៅខេត្តរតនគិរី

រតនគិរី៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំមន្ត្រីជំនាញ មន្រ្តីបច្ចេកទេស ដោយមានការរួម​ដំណើរពី​ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ពីរខ្សែ និងទីតាំង​សាងសង់ស្ពានមួយនៅស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី។

ផ្លូវទាំងពីរខ្សែនេះ ខ្សែទី១ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូពីថរជាន់ ប្រវែង ៣៨,៦០​គីឡូម៉ែត្រ ក្នុងនោះក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំ​សេរីមង្គល ស្រុកកូនមុំ។ផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូ​ម៉ែត្រ និងឱ្យ​មន្ទីអភិវឌ្ឍន៍ជន​បទ​ខេត្តធ្វើការជួសជុលបន្ទាន់ជាផ្លូវ​ល្បាយ​ក្រួសប្រវែង ៣គីឡូម៉ែត្រមុននឹងលើកកម្រិតផ្លូវនេះ ជាផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP ។

ផ្លូវខ្សែទី២ គឺជាគម្រោងស្ថាបនាផ្លូវដីល្បាយក្រួសប្រវែង ៩ គីឡូម៉ែត្រ ។ប្រតិភូក្រសួងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ មួយ​កន្លែង​មានប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ស្ថិតក្នុងគម្រោងទឹកជំនន់។

ឯកឧត្តម ឆាយ ឫទ្ធិសែន ឯកឧត្តម ញ៉ែម សំអឿន និងនាយឧត្ដម​សេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេ​បញ្ជាការ​កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាបក៏បានចុះពិនិត្យទី​តាំងសាង​សង់​ស្ពានមួយកន្លែង ឆ្លងកាត់អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្ថិតនៅភូមិ​សាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ។ បច្ចុប្បន្ន ទីតាំងនេះមិនទាន់​មានស្ពានឆ្លងកាត់នៅឡើយ ដោយប្រជា​ពលរដ្ឋត្រូវប្រើប្រាស់​ទូកសម្រាប់ឆ្លងទៅឆ្លងមក។

ចំពោះមុខឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែ​នាំ​ឱ្យ​មន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុង​ការសាងសង់​ស្ពានដែក (បាឡេ) ជាបណ្តោះអាសន្ន សម្រាប់សម្រួលដល់ការ​ធ្វើ​ដំណើរបស់ប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរអាជ្ញាធរនៅទីនេះ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner