គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៥ទៀត មានទុនសរុប ៩១៧លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបរធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើកទី១១ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ២៥ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារ។
គម្រោងដែលទទួលបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មី ចំនួន ១២, និងការពង្រីកគម្រោង ចំនួន១ ដែលមានទុនវិនិយោគសរុប៩១៧ លានដុល្លារអាមេរិក មានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។
ក្នុងចំណោមគម្រោងទាំងនេះ, មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និង ការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬផ្តោតការវិនិយោគលើវិស័យនានា ក្រៅពីកាស៊ីណូ ។
សូមជម្រាប ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសចំនួន ១៤០គម្រោង រួចមកហើយ គិតត្រឹមខែ កញ្ញា ឆ្នាំ ២០២៤ ។ ដោយរាប់បញ្ចូលទាំងគម្រោងដែលទទួលបានការឯកភាពជាគោលការណ៍ គិតត្រឹមខែតុលា ឆ្នាំ២០២៤ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេស សរុបមានចំនួន ១៦៥ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និង ធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និង បរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះ គម្រោងដែលមានទុនវិនិយោគលើសពី ១០០ លានដុល្លារអាមេរិក មានចំនួន ២៣ គម្រោង ។
ក្នុងចំណោមគម្រោងទាំង១៦៥, គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង មានចំនួន ៨៥, គម្រោងថ្មី មានចំនួន៦១, ការពង្រីកគម្រោង មានចំនួន ១៥ និង គម្រោងមានស្រាប់ មានចំនួន ៤ ។ គម្រោងទាំងនេះក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និង គ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ការគាំទ្រ ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕
ដោយ ៖ ង៉ាន់ ទិត្យ