ប្រមុខក្រសួងមហាផ្ទៃ កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិការខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើនដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុធីន ឆានវីរគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការប្ដេជ្ញាចិត្តប្រកបដោយភាតរភាពដូចៗគ្នា ក្នុងការពូនជ្រំជំរុញ និងគាំទ្រគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ជាពិសេសការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលផ្ដល់បរិយាកាសអំណោយផលដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃធុរជន និងប្រជាជន នៃប្រទេសទាំងពីរ ។
ការប្ដេជ្ញាចិត្តជាវិជ្ជមាននេះ បានធ្វើឡើងក្នុងឱកាសប្រមុខក្រសួងមហាផ្ទៃទាំងពីរ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលភាគីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងសមភាគីថៃ ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានខិតខំអនុវត្តស្មារតីនៃកិច្ចប្រជុំកាលពីឆ្នាំ២០២២ ធ្វើឱ្យទំនាក់ទំនងខេត្តនិងខេត្ត និងជារួមប្រទេសនិងប្រទេស បន្តមានភាពល្អប្រសើរ ដោយទប់ស្កាត់បាននូវបាតុភាពអវិជ្ជមាននានា តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបដោះស្រាយបញ្ហាជាក់ស្ដែងនានា ។
ភាគីទាំងពីរ ក៏បានបន្តផ្លាស់ប្ដូរយោបល់គ្នា លើប្រធានបទសំខាន់ៗ ជាអាទិ៍ ករណីពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ ការងារច្រកទ្វារព្រំដែន ការនាំចេញកសិផលកម្ពុជាទៅប្រទេសថៃ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍រវាងគ្នាទៅវិញទៅមក និងការរៀបចំក្រុមមន្រ្តីសម្រួលដល់ការផ្លាស់ប្ដូរព័ត៌មាន និងទំនាក់ទំនងការងារផ្សេងៗឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។
ភាគីទាំងពីរ ក៏បានសម្ដែងនូវក្ដីសង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស និងដោយឡែកខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ទាំងលើវិស័យសន្តិសុខ ការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ៕
ដោយ / គ្រី សម្បត្តិ







