អ្នកជំនាញកម្ពុជា និងបារាំង ចែករំលែកគ្នាលើវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត AI តើត្រូវមានទស្សនទានអ្វីខ្លះ?”

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?” ដោយមានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថលនិងនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃវិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ ។

វេទិកានេះ ត្រូវបានរៀបចំឡើងនៅវិទ្យាស្ថានបារាំងកម្ពុជា ដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា “ច្បាប់កម្ពុជាក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក”, “បទប្បញ្ញាតិ្តអឺរ៉ុបទៅលើបញ្ញាសិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព”, “ទស្សនៈរបស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត” និង “ទស្សនទានរបស់អាស៊ាន”។

ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និងការងារដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការយល់ដឹងទៅកាន់សាធារណជន ការចូលរួមតំណាងប្រទេសកម្ពុជាលើកស្ទួយការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយមានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner