ឯកឧត្តម ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ក្នុងការរួមចំណែកថែរក្សា ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
បានចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ទប់ស្កាត់បានទាំងស្រុងនូវបដិវត្តពណ៌ ធានាប្រក្រតីភាពសង្គម ជីវភាពសង្គមលើគ្រប់វិស័យ រក្សាប្រក្រតីភាពមីក្រូសេដ្ឋកិច្ច បង្កើនជំនឿទុកចិត្ត ដល់អ្នកវិនិយោគគិន ពានិជ្ជករ ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។
នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤តុលានេះ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ លើកឡើងថា៖ ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨នេះ ធ្វើឡើង ខណៈដែលការងារនេះរដ្ឋបាលស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាននិងកំពុងអនុវត្តការងារនេះបានយ៉ាងល្អ ១០០%នៅភ្នំពេញ។ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនទទួលបានជោគជ័យឡើយ។
ឯកឧត្តម សន្តិបណ្ឌិត បញ្ជាក់ថា សន្តិសុខសំខាន់ណាស់ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចាំថា “ប្រហែសបាត់ ប្រយ័ត្នគង់”។សំរាប់រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្ដមឃួង ស្រេង តែងក្រើនរំលឹកជានិច្ចដល់ អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអោយយកចិត្តក្នុងដាក់ក្នុងការធ្វើយ៉ាងណាអោយភូមិ សង្កាត់នៅរាជធានីភ្នំពេញ មានសុវត្ថិភាព ៕
ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ










