ពូទីនមិនបដិសេធ ករណីកងទ័ពកូរ៉េខាងជើងក្នុងប្រទេសរុស្ស៊ី
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបដិសេធនឹងសេចក្តីរាយការណ៍ដែលថា ទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយ នៅប្រទេសរុស្ស៊ីនោះទេ ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានភស្តុតាងច្បាស់ដែលថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហាន ទៅជួយដល់កងទ័ពរុស្ស៊ី ប្រយុទ្ធជាមួយប្រទេសអ៊ុយក្រែន។
ការអត្ថាធិប្បាយនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន ដែលបញ្ចប់កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង្គការណាតូ និងទីក្រុង Kyiv សុទ្ធតែបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនកងទ័ព ទៅកាន់ប្រទេសរុស្ស៊ី។ អាមេរិកបញ្ជាក់ចុងក្រោយថា មានទាហានកូរ៉េខាងជើង ៣,០០០នាក់ នៅរុស្ស៊ី។
លោកប្រធានាធិបតីរុស្ស៊ី ពូទីន មិនបញ្ជាក់ពីការបដិសេធលើរបាយការណ៍នេះ ហើយជំនួសមកវិញ លោកគ្រាន់តែចោទប្រកាន់អ៊ុយក្រែន និងលោកខាងលិចថា ធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។
លោក ពូទីន បានទទូចដែរថា ទំនាក់ទំនងរបស់លោក ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី នឹងអាស្រ័យលើអាកប្បកិរិយា របស់ក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលថ្មី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត