លោកជំទាវ គឺម សេដ្ឋានី បានស្នើក្រុមការងារ ត្រូវមានស្មាតីទទួលខុសខ្ពស់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បាន ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡា ជាតិ លើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ នៅសាលប្រជុំនាយកដ្ឋានកីឡា ជំនាញ និងកីឡាមហាជន នាព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា គណៈកម្មការ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ ស្នងការនគរបាល ស្នងការរង មេ បញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ក្នុងគោលបំណង ដើម្បីទទួលការណែនាំអំពីការងារទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ ប្លង់កៅអីអង្គុយ និងការទទួលប័ណ្ណចូលរួមពិធីបើក ។
លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ បន្ថែមលើនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានស្នើក្រុមការងារ ត្រូវមានស្មាតីទទួលខុសខ្ពស់ ជាពិសេសផែនប្លង់កៅអីអង្គុយនៅក្នុងពិធីបើក ហាមដាច់ខាតនូវការនាំយកមកជាមួយនូវវត្ថុដែលមានការប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធា្នប់នាក្នុងពេលពិធីបើក និងស្នើក្រុមការងារពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់លើការរៀបចំពិធីបើកឱ្យមានលក្ខណៈអធិកអធម។
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤ នេះផងដែរបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបិទផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ