ព្រះសង្ឃថៃពាក់ព័ន្ធនឹងគម្រោងភាគហ៊ុនក្លែងក្លាយ
បរទេស៖ ការិយាល័យព្រះពុទ្ធសាសនាជាតិថៃ ហៅកាត់ NOB ត្រូវបានបញ្ជាឱ្យស៊ើបអង្កេត គម្រោង «សាជីជ្រុង» ដែលត្រូវបានរាយការណ៍ថា ព្រះសង្ឃត្រូវបានគេបោកប្រាស់ បណ្តាលឱ្យមានការខាតបង់ ប្រមាណជាង១ពាន់លានបាត ឬ ២៩.៦លានដុល្លារអាមេរិក។
យោងតាម កាសែតបាងកកប៉ុស្តិ៍ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Chousak Sirinil បានបញ្ជាក់ថា លោកមិនទាន់ទទួលបាន របាយការណ៍លម្អិតនៅឡើយ អំពីគម្រោងដែលគេស្គាល់ថា «Ban Share Nong Carrot» ពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំនោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍។ លោកថា ប្រតិបត្តិការក្លែងបន្លំ គឺជាការសន្យាថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈការវិនិយោគ លើភាគហ៊ុនក្លែងក្លាយ។
ប្រភពបានសង្កត់ធ្ងន់ថា NOB កំពុងស៊ើបអង្កេតករណីនេះ យ៉ាងសកម្ម តាមការណែនាំ ពីការិយាល័យនាយករដ្ឋមន្ត្រី។ លោកបានកត់សម្គាល់ថា បញ្ហាពាក់ព័ន្ធនឹងព្រះសង្ឃ និងវិន័យសង្ឃ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់បុព្វជិត ប៉ុន្តែ បញ្ហាផ្លូវច្បាប់ នឹងត្រូវដោះស្រាយ ដោយប៉ូលិស។
គេហទំព័រ E-Sor Crushing News បានរាយការណ៍អំពីក្រុមហ៊ុន នៅពីក្រោយគម្រោងនេះ បានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ដោយបានទាក់ទាញ ទាំងព្រះសង្ឃ និងអ្នកភូមិ។ ក្រុមហ៊ុនបានជំរុញឱ្យអ្នកចូលរួម ជ្រើសរើសសមាជិកថ្មីៗ ទៅក្នុងបណ្តាញជួញដូរភាគហ៊ុនរបស់ខ្លួន ជាមួយនឹងការវិនិយោគដំបូង យ៉ាងតិច៣០ម៉ឺនបាត ឬ ជិត៩០០០ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ៗ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត