ហ្វីលីពីន៖ ព្យុះ Trami សម្លាប់មនុស្ស៤០នាក់, រាប់ម៉ឺននាក់ភៀសខ្លួន
បរទេស៖ គិតត្រឹមថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្គ្រោះហ្វីលីពីន បានប្រាប់ថា ជំនន់ទឹកភ្លៀង លិចក្រុង បណ្តាលមកពីព្យុះត្រូពិច Trami សម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន៤០នាក់ ហើយមនុស្ស រាប់ម៉ឺននាក់ផ្សេងទៀត នៅតែត្រូវបានជម្លៀសខ្លួន ចេញពីផ្ទះសម្បែង។
លោក Andre Dizon នាយប៉ូលីស ប្រចាំតំបន់ Bicol ដែលរងគ្រោះខ្លាំង បានប្រាប់ AFP ថា មនុស្សជាច្រើននាក់ នៅតែជាប់គាំង លើដំបូលផ្ទះ ហើយស្នើសុំជំនួយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នៅតំបន់ជាច្រើន នៃខេត្ត Batangas ភាគខាងត្បូង ក្រុមរុករក និងជួយសង្គ្រោះ នៅតែមិនអាចចូលទៅដល់។ របាយការណ៍ចុងក្រោយ បង្ហាញថា មនុស្ស១៩ម៉ឺន៣ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ។
គិតមកថ្ងៃសុក្រនេះ ការិយាល័យរដ្ឋាភិបាល និងសាលារៀននានា នៅទូទាំងកោះសំខាន់ នៃតំបន់ Luzon នៅតែបិទទ្វារ ហើយការព្រមានអំពីការកើនឡើងនៃព្យុះ នៅតែមានតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងលិច ជាមួយនឹងរលក អាចមានកម្ពស់ ដល់២ម៉ែត្រ។ នៅក្នុងទីក្រុង Batangas នៃខេត្ត Lemery មន្ទីរពេទ្យមួយកន្លែង ត្រូវបានបង្ខំចិត្ត ឱ្យបញ្ជូនអ្នកជំងឺចេញ ខណៈដែលបន្ទប់សង្គ្រោះបន្ទាន់ ក៏ត្រូវបានជន់លិច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត