មេ UN និង លោក ពូទីន ជួបទល់មុខគ្នាលើកដំបូង ក្នុងពេលជាង២ឆ្នាំ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ជាលើកដំបូង ចាប់តាំងពីខែមេសា ឆ្នាំ២០២២។ លទ្ធផលនៃជំនួប ត្រូវបានបង្ហាញពីទិដ្ឋភាពផ្សេងៗគ្នា ផ្អែកតាមទីភ្នាក់ងារព័ត៌មានធំៗ។

បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT បង្ហាញលទ្ធផលថា ពួកលោកបានជួបគ្នា ក្រៅកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៊ី ពិភាក្សាអំពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ ផ្អែកតាម RT សេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់ មេអង្គការសហប្រជាជាតិប្រាប់ថា «លោកអគ្គលេខាធិការ និង លោកប្រធានាធិបតីបានពិភាក្សាអំពី ការអភិវឌ្ឍ និងប្រព័ន្ធហិរញ្ញវត្ថុ អន្តរជាតិ»។ សេចក្តីថ្លែងការណ៍បន្តថា «ពួកលោកក៏បានពិភាក្សាអំពីស្ថានភាព នៅមជ្ឈិមបូព៌ា ជាពិសេស តម្រូវការដាច់ខាត សម្រាប់បទឈប់បាញ់ នៅហ្គាហ្សា និងលីបង់ ផងដែរ»។

យ៉ាងណាមិញ កាសែតបារាំង AFP វិញ បានចេញផ្សាយថា ប្រមុខ UN ប្រាប់ លោក ពូទីន ថា ការឈ្លានពានលើអ៊ុយក្រែន បំពានច្បាប់អន្តរជាតិ។ លោកបានបញ្ជាក់ជាថ្មី ពីជំហររបស់លោកថា ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន គឺរំលោភលើធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ លោក Guterres បានរិះគន់ ម្តងហើយម្តងទៀត ថា «ជាគំរូដ៏គ្រោះថ្នាក់» សម្រាប់ពិភពលោក។ ក្រៅពីនេះ លោក Guterres ក៏បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់លោក ចំពោះការបង្កើតសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រខ្មៅ ដោយនិយាយថា ការណ៍នេះ គឺមានសារៈសំខាន់សម្រាប់ ទាំងអ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជា សន្តិសុខស្បៀង និង ថាមពលសកល៕

ប្រភពពី AFP, RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner