ថ្ងៃទី២៦ តុលាស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងចាប់ផ្តើមជាមួយ​ឱកាសការងារសរុបជាង៣ម៉ឺនកន្លែង

(ភ្នំពេញ)៖ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​រាជ​ធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល​ធ្វើ​ដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរ​ជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ពិព័រណ៍ការងារ និងផលិតភា​ពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់​ក្រុម​ហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន​ប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពី​ឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺន កន្លែង។

លោក ជឹម ប៉ូលី អនុប្រធានធនាគារកាណាឌីយ៉ា លើកឡើងថា កាណាឌីយ៉ា តែង​តែចូលរួមឧបត្ថមធំជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារថ្នាក់ជាតិនេះ ព្រោះថាកាណាឌីយ៉ា មានការរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការកម្លាំង​ពលកម្មក៏មានតម្រូវការក៏តាមនោះដែរ។ លោកបានឱ្យដឹងថាជាក់ស្តែងកាលពី​ឆ្នាំ២០២៣ កន្លងទៅក្នុងរយៈពេលពីរថ្ងៃ យើងទទួលបានអ្នកមកទស្សនាបញ្ជររបស់​យើងរាប់ពាន់នាក់ ហើយក្នុងនោះយើងទទួលបានអ្នកដាក់ពាក្យធ្វើការជាមួយ​យើងជិត ១ពាន់នាក់ ដោយឡែកអ្នកទទួលបានឱកាសការងារជាមួយយើង​រាប់រយនាក់ ជាក់ស្តែងបច្ចុប្បន្ននេះពួកគេកំពុងតែបំពេញការងារជាមួយយើង។

លោកអនុប្រធានរូបនេះ ក៏បានអំពាវនាវដល់សាធារណៈជន សិស្ស/និស្សិត សូមត្រៀមខ្លួន និងត្រៀមប្រវត្តិរូបឱ្យបានល្អ ដើម្បីទទួលយកឱកាសការងារ​រាប់រយកន្លែងជាមួយធនាគារកាណាឌីយ៉ា ។

លោក សាយ រតនៈ ប្រធានជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិករបស់​ក្រុមហ៊ុន RMA បានចាត់ទុកព្រឹតិ្តការណ៍ពិព័រណ៌ការងារ និងផលិតភាពជាតិ គឺជា​ព្រឹត្តិការណ៍ជួបជុំរវាងនិយោជក និងនិយោជិតដ៏ធំជាងគេប្រចាំឆ្នាំដែលសិស្ស/និស្សិត អ្នកកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូការងារមិនគួរមើលរំលងនោះទេ។

លោកបញ្ជាក់ឱ្យដឹងទៀតថា NEA គឺជាដៃគូយ៉ាងសំខាន់របស់ RMA ក្នុងការ​សហការជ្រើសរើសបុគ្គលិកកន្លងមក រយៈពេល២ថ្ងៃ RMA បានត្រៀមខ្លួន​​រួចជាស្រេចក្នុងការផ្តល់ជូននូវ​ឱកាសការងារ​រាប់រយកន្លែង នឹងគ្រប់តួនាទី​ដល់អ្នកស្វែងរក ឬចង់ផ្លាស់ប្តូរការងារ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក៏នឹងត្រូវរៀបចំ​តាម​ប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់​ពាក្យ​ស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http:/careerfair.nea.gov.kh/។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ​លេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner