តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជ្រាបពី“បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ”នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នៅខេត្តកំពង់ឆ្នាំងក្នុងសប្តាហ៍នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានបន្តការចុះអនុវត្ត “គម្រោងឆ្ពោះទៅមូលដ្ឋាន” របស់ខ្លួនដោយបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ” និងការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង”។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដោយមានវត្តមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តមប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង, ប្រធានមន្ទីរពាក់ព័ន្ធ, ប្រធានក្រុមប្រឹក្សាក្រុងស្រុក, អភិបាលនៃគណៈអភិបាលក្រុងស្រុក, និងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំងផងនោះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានលើកឡើងអំពីគោល បំណងនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក.។អ.ដ.ក. គឺជាយន្តការថ្នាក់ជាតិថ្មីមួយទៀត ដែល ត្រូវបានបង្កើតឡើងបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងទិសដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជា ពលរដ្ឋនៅមូលដ្ឋាន, ធ្វើការសម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនា ក្នុងសង្គមជាតិ ព្រមទាំងដើម្បីរួមចំណែកក្នុងការជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ។
អ.ដ.ក. នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយប្រើវិធីសម្រុះសម្រួលផ្សះផ្សា វិវាទក្រៅប្រព័ន្ធតុលាការ។នេះបើតាមឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បញ្ជាក់។
បន្ថែមលើការផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. វគ្គបណ្តុះបណ្តាលស្តីពី “ជំនាញសម្រុះសម្រួលដោះស្រាយវិវាទ” ក៏ត្រូវបានរៀបចំ ឡើងដោយមានវត្តមាន ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. អញ្ជើញជាអធិបតី និង ដោយមានមន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង ដែលរួមមាន អភិបាលរងក្រុងស្រុក, មន្ត្រីនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីនៃ ការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ចំនួន ៤២ រូប។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយ អ.ដ.ក. ក្រោម កិច្ចសហការជាមួយ អង្គការនារីដើម្បីសន្តិភាព ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។វគ្គនេះក្នុងគោលបំណង៖(១)-បង្កើនការយល់ដឹងជាទូទៅជូនមន្ត្រីពាក់ព័ន្ធ អំពីជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,(២)-បង្កើនការយល់ដឹងជូនមន្ត្រីពាក់ព័ន្ធ អំពីក្រមសីលធម៌ បច្ចេកទេស និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយវិវាទ និង(៣)-ពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ឱ្យកាន់តែមានជំនាញក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តគោលដៅទី៧ នៅក្នុង “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” របស់ អ.ដ.ក. បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ, ខេត្តព្រៃវែង, ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ដែល អ.ដ.ក. បានរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយ និងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ហើយជាទិសដៅបន្ត អ.ដ.ក. នឹងអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” របស់ខ្លួន ឱ្យបានដល់គ្រប់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ទូទាំងប្រទេស៕
ដោយ៖មុនី
រូបភាព៖អ.ដ.ក