រដ្ឋមន្រ្តីក្រសួងកសិកម្ម ផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ (IIG) នៃក្រសួងកសិកម្មគុយបា នៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អ្នកជំនាញការកសិកម្ម និងវិស័យឯកជនត្រូវគិតគូរផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដឹងពីទំហំផ្ទៃដីក្នុងការអនុវត្តជាក់ស្តែង គម្រោងចំណាយជាក់លាក់ ស្វែងយល់ពីបញ្ហាប្រឈមនានា និងវិនិយោគចំគោលដៅ ទទួលបានផលចំនេញពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រូវមានភាពបុរេសកម្ម និងមានខ្លឹមសារគ្រប់គ្រាន់អាចទទួលយកបានទាំងអស់គ្នា ទើបអាចវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងអាចពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

សូមរំឭកជូនថា យោងតាមស្មារតីនៃកិច្ចជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រទេសគុយបា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ អតីតនាយករដ្ឋមន្ដ្រី និងសព្វថ្ងៃជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់ជំនួយអង្ករចំនួន៦ពាន់តោន និងសន្យាផ្តល់នូវជំនួយបច្ចេកទេសកសិកម្មបន្ថែមទៀតដល់ប្រទេសគុយបា ព្រមទាំងស្វាគមន៍អ្នកជំនាញការកសិកម្ម ដើម្បីមកសិក្សាស្វែងយល់ និងដកពិសោធន៍លើបច្ចេកទេសដាំដុះកសិកម្ម ជាពិសេសដំណាំស្រូវកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាពីការពិសោធ និងវាយតម្លៃភាពសមស្របនៃប្រភេទពូជស្រូវរបស់កម្ពុជា ដើម្បីដាំដុះសាកល្បងនៅសាធារណរដ្ឋគុយបា ដោយកម្ពុជាមានបំណងនាំយកពូជស្រូវកង្រី ពូជស្រូវស្រង៉ែថ្មី និងពូជផ្សេងទៀតតាមការសម្រេចរបស់ភាគីទាំងពីរ និងផ្តល់បច្ចេកទេស សម្ភារៈកសិកម្មចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការពិសោធ ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគស្រូវអង្កររបស់កម្ពុជានៅសាធារណរដ្ឋគុយបា៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner