ត្រឹម៩ខែ វៀតណាមចំណេញជាង ២០០លានដុល្លារ នាំចេញបង្កងទៅចិន
ហាណូយ៖ ការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន កើនឡើងដល់ទៅ ៣៣ដង មានទឹកប្រាក់ជាង ២០៥លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ ដោយសារតែតម្លៃបង្កងទាប និងទំនាក់ទំនងពាណិជ្ជកម្មចិន-វៀតណាមកាន់តែរឹងមាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។
យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post ដកស្រង់ស្ថិតិពីរដ្ឋបាលគយចិន បានបង្ហាញថា កំណើន ៣៣ដង បង្ហាញពីការកើនឡើងដល់ទៅ ៣,២៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ហើយគិតត្រឹមខែកញ្ញាតែមួយប៉ុណ្ណោះ ចិននាំចូលបង្កងពីវៀតណាមកើនឡើងដល់ទៅ ១៣៣.៩ភាគរយ បើធៀបនឹងខែសីហាឆ្នាំនេះ។
ចំណែកតួលេខនាំចូលបង្កងសរុបរបស់ប្រទេសចិន ហក់ឡើងដល់ ៤០.៨៦ភាគរយ មានទឹកប្រាក់ជាង ៥៥៨លានដុល្លារក្នុងរយៈពេលដូចគ្នា ខណៈដែលតម្លៃនាំចូលធ្លាក់ចុះ ២៣ភាគរយ។
លោកស្រី Phung Thi Kim Thu ជាអ្នកជំនាញមកពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាមនិយាយថា ការបន្ធូរបន្ថយបទប្បញ្ញត្តិនាំចូលអាហារសមុទ្ររបស់ប្រទេសចិន រួមជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា និងច្បាប់សេរីភាវូបនីយកម្មពាណិជ្ជកម្ម ក្រោមភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានជួយសម្របសម្រួលដល់កំណើននៃការនាំចេញបង្កងរបស់វៀតណាម។
ដោយឡែកចិនក៏គ្រោងនឹងចាប់ផ្តើមការនាំចូលបង្កងអូស្ត្រាលីឡើងវិញផងដែរ បន្ទាប់ពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ចិន-អូស្រ្តាលីបានព្រមព្រៀងគ្នាលុបចោលការផ្អាករយៈពេលជិត៤ឆ្នាំ លើការនាំចេញបង្កងនៅដំណាច់ឆ្នាំ២០២៤នេះ។ ក្នុងឆ្នាំ២០១៩ ទិន្នន័យដែលបានកត់ត្រាបង្ហាញថា ជាងពាក់កណ្តាលនៃការនាំចូលបង្កងរបស់ចិន គឺមកពីអូស្ត្រាលី៕
ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា